អ៊ីរ៉ង់ឆ្លើយតបទៅនឹងការចោទប្រកាន់ ជុំវិញការផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៊ី
តេហេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា ទីក្រុង តេហេរ៉ង់ មានភាពអព្យាក្រឹត នៅពេលនិយាយអំពីជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ហើយចាត់ទុករបាយការណ៍ដែលថា ខ្លួនបានផ្គត់ផ្គង់ យន្តហោះដ្រូនប្រយុទ្ធដល់រុស្ស៊ី គឺគ្មានមូលដ្ឋាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃ០៥ តុលា ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចាត់ ទុករបាយការណ៍ អំពីការបញ្ជូនយន្តហោះដ្រូន UAVs ទៅកាន់ ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែនថាគ្មានមូលដ្ឋាន និងគ្មានភស្តុតាងជាក់លាក់នោះទេ។
លោក Kanani បានគូសបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើម ជម្លោះនៅអ៊ុយក្រែនមក យើងតែងតែប្រកាសពីគោលនយោបាយជាគោលការណ៍ និងច្បាស់លាស់របស់យើង ដែលផ្អែកលើ អព្យាក្រឹតសកម្ម ក៏ដូចជាការប្រឆាំងរបស់យើងចំពោះសង្គ្រាម និងតម្រូវការសម្រាប់ដំណោះស្រាយនយោបាយ ជុំវិញជម្លោះរវាងភាគីទាំងពីរ និងតម្រូវការដើម្បីជៀសវាង។
ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះក៏បានពណ៌នាជម្លោះនៅអ៊ុយក្រែនដែរថា ជា “លទ្ធផលនៃការបង្កហេតុ របស់អង្គការណាតូ” ហើយបាននិយាយថា ទីក្រុងតេហេរ៉ង់បានគាំទ្រ កិច្ច ខិតខំប្រឹងប្រែងនានា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងជម្លោះនេះ៕RT