ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវបទល្មើសគ្រឿង ព្រោះផលលំបាក នៃបញ្ហាសង្គមជាតិ វានឹងកើតមានឡើងនាពេលខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយពួកឧក្រិដ្ឋជនយកធ្វើជាទីកន្លែងប្រព្រឹត្តបទល្មើស នូវឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួន ព្រមទាំងបទល្មើសគ្រឿងញៀនជាដើម។

សម្ដេចក្រឡាហោម ក៏បានពន្យល់ថា កម្ពុជា មិនមែនជាប្រទេសដែលប្រើប្រាស់គ្រឿងញៀននេះទាំងស្រុងឡើយ នៅចំនួនគ្រឿងញៀននាំចូលនោះទេ ប៉ុន្ដែវាក្លាយទៅជាទីកន្លែងផលិតនូវសារធាតុញៀនផ្សំ តាមរយៈគីមីផ្សំ ដែលផលិតផលពាក់កណ្ដាលសម្រេច ត្រូវបាននាំចូលមកកម្ពុជា។ សម្ដេច បន្ដថា នៅពេលនាំចូលនូវផលិតផលពាក់កណ្ដាលសម្រេច ចំពោះសាធារធាតុគីមីទាំងឡាយផ្សំតាមរូបមន្ដរបស់ពួកគេនោះ យកទៅលាក់ ដើម្បីយកកម្ពុជាធ្វើជាទីតាំងផលិត រួចហើយនាំចេញទៅប្រទេសទី៣ ក្នុងមួយផ្នែកចែកចាយនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «បញ្ហានេះ យើងចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសនេះ (បទល្មើសគ្រឿងញៀន» ឱ្យខានតែបាន ពីព្រោះផលលំបាក នៃសង្គមរបស់យើងវានឹងកើតមាននៅពេលខាងមុខ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់បង្ក្រាប និងដោះស្រាយបញ្ហាទាំងនេះ ពីឥឡូវទៅ»។

សម្ដេចក្រឡាហោម បន្ថែមថា តើអ្វីទៅហៅថា ផលវិបាក? គឺវាប៉ះពាល់ដំបូងបំផុត ធនធានមនុស្ស មនុស្សពេញវ័យ ជាដើម គឺនឹងក្លាយទៅជាអ្នកជក់គ្រឿងញៀន។ ទន្ទឹមនឹងនេះ បញ្ហាសន្ដិសុខ  សណ្ដាប់ធ្នាប់ ចោលលួច ចោលប្លន់ ជាដើម វានឹងកើតមានឡើងផងដែរ។ សម្ដេច បានឱ្យដឹងទៀតថា ជាក់ស្ដែង បញ្ហាទាំងនេះ បានកើតមានឡើងរួចទៅហើយ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ