យោងតាមហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ រ៉ា សុខគឿន លក់គ្រឿងសំណង់ ដែលបានផ្សព្វផ្សាយលើគណនីហ្វេសបុកផ្លូវការរបស់ខ្លួន មានខ្លឹមសារថា «ខ្ញុំបាទ រស់នៅភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានរងគ្រោះ ដោយសារ អ្នកមានលុយមួយចំនួន បានទិញកាំភ្លើងដើរបាញ់សត្វតាមវាលស្រែ និង ក្រោយផ្ទះដែលមានព្រៃ ហើយបានមកត្រូវខ្ញុំ ប៉ូលីសរកមុខមិនឃើញសោះ សូមបងប្អូន ឃុំទួលព្រេជ ទាំងអស់សូមប្រយ័ត្នផង ខ្លាចរងគ្រោះដូចខ្ញុំហើយជួយបង្ហោះផង អោយបងប្អូនយើង បានដឹងប្រុងប្រយ័ត្នផង ខ្លាចគ្រោះថ្នាក់ដូចខ្ញុំបាទ» ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំប៉ុស្ដិ៍នគរបាលទួលព្រេជ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ បានដឹងថាជាករណី ហិង្សាដោយចេតនា(ប្រើអាវុធបាញ់សត្វ) ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៧ និង៣០នាទី ចំណុចក្រោយផ្ទះជនរងគ្រោះ ភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងហេតុការណ៍នោះ ជនរងគ្រោះ ឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់គ្រឿងសំណង់ នៅភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។បានរងរបួសបៀមគ្រាប់ត្រូវដៃស្តាំត្រង់សាច់ដុំ ០១កន្លែង (របួសស្រាល) ហើយវត្ថុតាងចាប់យករួមមាន បាល់គ្រាប់០១ (បាល់គ្រាប់អាវុធបាញ់សត្វ)បច្ចុប្បន្នជនរងគ្រោះលក់ដូរនៅផ្ទះជាធម្មតា ។ 

      

នៅមុនពេលកើតហេតុជនរងគ្រោះកំពុងរៀបចំបើករ៉ឺម៉កនៅក្រោយផ្ទះ ដើម្បីដឹកសម្ភារសំណង់ឱ្យភ្ញៀវ ពេលនោះស្រាប់តែមានគ្រាប់អាវុធបាញ់សត្វ មិនដឹងបាញ់ចេញមកពីណាមកត្រូវដៃជនរងគ្រោះបណ្តាលឱ្យរបួសបៀមគ្រាប់ ហើយជនរងគ្រោះបានយកបាល់គ្រាប់ចេញ និងតាមរកមើលអ្នកបាញ់ប៉ុន្តែរកមិនឃើញ ។

 

ដោយឡែកសំបកកាទូសចំនួន០១ មិនត្រូវជាមួយបាល់គ្រាប់ខាងលើទេ ជនរងគ្រោះរើសបានចម្ងាយប្រហែល៥០០ម៉ែត្រ ពីកន្លែងកើតហេតុសំបកកាទូសនេះបានបាញ់រួច ប៉ុន្តែមិនចុចចំកណ្តាលគូថទេចុចចំកៀន ។

យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ កាន ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃកើតហេតុ ខ្លួនបានទៅចងគោនៅវាលក្រោយភូមិកើតហេតុ ប្រហែល១គីឡូម៉ែត្របានឮសម្លេងកាំភ្លើងបាញ់សត្វ ប៉ុន្តែមិនចាប់អារម្មណ៍និងមិនបានឃើញមនុស្សទេ ។ 

បើតាមការសន្និដ្ឋាន ចំពោះករណីនេះ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ប្រើអាវុធបាញ់សត្វ ប្រហែល១០០ម៉ែត្រពីកន្លែងជនរងគ្រោះឈរបណ្តាលឱ្យត្រូវជនរងគ្រោះមានរបួស ។

គួរបញ្ជាក់ផងដែរថា ចំពោះករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រកអត្តសញ្ញាណជនសង្ស័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ