អតីតមេដឹកនាំពិភពលោករាប់រយនាក់អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
អង់គ្លេស៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសរាប់រយនាក់បានស្នើអោយក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក (G7) ចំណាយប្រាក់ដើម្បីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងពិភពលោក សំដៅបញ្ឈប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៕
ការអំពាវនាវខាងលើនេះ បានកើតមានឡើងនៅមុនកិច្ចប្រជុំកំពូល G7 ក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ(ម៉ោងក្នុងតំបន់) នៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ។
នៅក្នុងលិខិតមួយដែលផ្ញើទៅកាន់ក្រុមបណ្ដាប្រទេស G7 អតីតមេដឹកនាំពិភពលោកជាច្រើនរូប បានលើកឡើងថា «ការគាំទ្រពីសំណាក់ក្រុមប្រទេស G7 និង G20 ដែលជួយដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងនេះ មិនមែនត្រឹមតែជាសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺសម្រាប់ផលប្រយោជន៍ជាយុទ្ធសាស្ត្រ របស់ប្រទេសនីមួយៗផងដែរ»។
លិខិតខាងលើនេះបានពន្យល់ទៀតថា ក្រុមប្រទេស G7 នោះ ពួកគេបានសង្កត់ធ្ងន់ថា មេដឹកនាំ G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គួរតែធានាអោយបាននូវទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេលពីរឆ្នាំ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក ។
យ៉ាងណាមិញ ការអំពាវនាវរបស់ពួកគេស្របពេលជាមួយនឹងការស្ទង់មតិរបស់អង្គការសប្បុរសធម៌ Save the Children ដែលបានរកឃើញការគាំទ្រជាសាធារណៈយ៉ាងខ្លាំងនៅ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់និងកាណាដា សម្រាប់ G7 ដែលចំណាយទៅលើទឹកប្រាក់ ៦៦ ពាន់លានដុល្លារដែលត្រូវការសម្រាប់វ៉ាក់សាំង COVID-១៩ នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ការអំពាវនាវរបស់អតីតថ្នាក់ដឹកនាំពិភពលោកខាងលើនេះ បានកើតឡើងស្របពេលជាមួយការស្ទង់មតិបានបង្ហាញថានៅចក្រភពអង់គ្លេស ៧៩ ភាគរយបានគាំទ្រគោលនយោបាយបែបនេះ ហើយ៧៩ ភាគរយនៃជនជាតិអាមេរិកបានគាំទ្រសំណើនេះ។ ការគាំទ្រមានកម្រិតទាបបំផុតនៅក្នុងប្រទេសបារាំងដែល ៦៣ ភាគរយ។RT