ព្រុចសែល៖ សភាអឺរ៉ុប និងមន្រ្តីនិយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងសមាជិកសភា ឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីវិធានដំបូងរបស់ប្លុកនេះ ក្នុងការដោះស្រាយអំពើហិង្សាលើស្ត្រី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃទី០៧ កុម្ភ: ២០២៣។
ច្បាប់ថ្មីនេះ មានគោលបំណងការពារស្ត្រីនៅក្នុងសហភាពអឺរ៉ុបដែលមាន ២៧ប្រទេស ជៀសផុតពីអំពើហិង្សាយេនឌ័រ ការរៀបការដោយបង្ខំ និងការបៀតបៀនតាមអ៊ីនធឺណិត។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានស្នើឡើងជាលើកដំបូងនូវច្បាប់ដ៏សំខាន់នេះ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នាឱកាសប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។
សមាជិកសភាសហភាពអឺរ៉ុប លោកស្រី Evin Incir និយាយថា ច្បាប់ថ្មីនេះ គឺជាការអំពាវនាវដែលស្ត្រី និងក្មេងស្រីទាំងអស់នៅទូទាំងសហភាពអឺរ៉ុប បានស្នើសុំអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ប៉ុន្តែច្បាប់ថ្មីនេះមិនបានរួមបញ្ចូលបទល្មើសរំលោភសេពសន្ថវៈនោះទេ។
យ៉ាងណាមិញ សភាអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាច្បាប់ថ្មីនេះ មិនបានដាក់បញ្ចូលបទល្មើសរំលោភសេពសន្ថវៈក៏ដោយ តែរដ្ឋជាសមាជិកមានគោលបំណងលើកកម្ពស់ការយល់ដឹងថា ការរួមភេទដោយបង្ខំ ឬគ្មានការយល់ព្រមពីដៃគូ នឹងត្រូវចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌ។ បន្ទាប់ពីច្បាប់ថ្មីនេះត្រូវបានអនុម័តរួច គណៈកម្មការអឺរ៉ុបនឹងត្រូវរាយការណ៍រៀងរាល់ ៥ឆ្នាំម្តង ថាតើច្បាប់នេះត្រូវធ្វើបច្ចុប្បន្នភាពដែរឬអត់៕