ប៉េកាំង៖ ក្រសួងការបរទេសចិនបានលើកឡើងថា កិច្ចប្រជុំកំពូលរវាងចិននិងសហភាពអឺរ៉ុប នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ នៅទីក្រុងប៉េកាំង ដែលមេដឹកនាំរបស់ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចពិភពលោកដើម្បីផលប្រយោជន៍រួម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Channel NewAsia    នៅថ្ងៃទី០៥ ធ្នូ ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពិន (Wang Wenbin) បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានថា «ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូសហការ មិនមែនជាដៃគូប្រកួតប្រជែងនោះទេ។ ការគិតពីផលប្រយោជន៍រួមគឺមានសារៈសំខាន់ជាងការខ្វែងគំនិតគ្នា»។

លោកបានបន្ថែមថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) គ្រោងនឹងជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាឡេស មីកេល (Charles Michel) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉នដេឡេយ៉េន (Ursula von der Leyen)។

លោក វ៉ាង បានថ្លែងថា «យើងនឹងរិះរកវិធីដើម្បីដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយយើងនឹងសហការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកល តាមរយៈការដាក់ចេញនូវដំណោះស្រាយថ្មីៗទៅកាន់ពិភពលោក ជាពិសេសគឺការបង្កើនស្ថិរភាពអន្តរជាតិ»។

គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសំខាន់ៗជាច្រើនរវាងសហភាពអឺរ៉ុបនិងចិនត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង ក្នុងគោលបំណងស្វែងរកចំណុចរួមមួយនៅក្នុងទំនាក់ទំនងដ៏ស្មុគស្មាញរបស់ពួកគេ។ កាលពីដើមឆ្នាំនេះ អ៊ឺរ៉ុបបានសន្យាថានឹងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន កាត់បន្ថយហានិភ័យ បង្កើនការសហការ និងធ្វើការរួមគ្នាលើបញ្ហាការប្រែប្រួលអាកាសធាតុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ