ហាណូយ៖ រដ្ឋាភិបាលវៀតណាមនឹងផ្តល់ប្រាក់ចំនួន៧.៦៥ទ្រីលានដុង (៣៣២.៣លានដុល្លារ) ឲ្យក្រសួងសុខាភិបាលយកទៅទិញវ៉ាក់សាំង៦១លានដូស គឺវ៉ាក់សាំងកូវីដ AstraZeneca និង Pfizer នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VN express នាថ្ងៃទី០១ កក្កដា ២០២១។
ក្រសួងនឹងទិញ Pfizer ៣១លានដូស និង ៣០លានដូស ពីក្រុមហ៊ុន AstraZeneca ដែលបានទិញវ៉ាក់សាំងក្នុងទីតាំងដើម ហើយដែលបានបញ្ជូនមកវៀតណាម កាលពីខែកុម្ភៈនោះ។ ថវិការទាំងនេះជាថវិការពីរដ្ឋាភិបាលផង និង ពីសប្បុរសជនផង។
ប្រភពថា ក្រសួងនឹងតម្រូវឱ្យមានថវិកាចំនួន ៣៧ ពាន់លានដុងដើម្បីដឹកជញ្ជូនចែកចាយនិងរក្សាទុកឧបករណ៍ចាក់វ៉ាក់សាំងសម្រាប់វ៉ាក់សាំងដែលទទួលបានតាមរយៈយន្តការពិភពលោក Covax និងប្រភពដទៃទៀត។
មកទល់ពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងប្រមាណ៤.៥លានដូស ពីកម្មវិធីកូវ៉ាក់ ជាកិច្ចសន្យាទិញ និងពីបណ្តាប្រទេសផ្សេងៗទៀត។ វៀតណាមចាក់ដូសទី១ បានប្រមាណ៣.៧លាននាក់ ខណៈដូសទី២ បានជាង១៩ម៉ឺននាក់៕RT