វៀតណាមព្រមាន Google និង Meta ត្រូវតែរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ ប្រសិនបើចង់មានវត្តមាននៅប្រទេសខ្លួន
ហាណូយ៖ កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមទើបតែបង្កើតច្បាប់ថ្មីមួយ ដែលបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ដែលជាមេធំរបស់ Facebook ត្រូវតែរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ជនជាតិវៀតណាម “នៅក្នុងប្រទេស” រួមទាំងទាមទារឱ្យបង្កើតការិយាល័យក្នុងស្រុក ដោយមិនអនុញ្ញាតឱ្យនាំយកទិន្នន័យអ្នកប្រើប្រាស់ចេញក្រៅឡើយ។ ខណៈដែលវាជាវិធានចុងក្រោយមួយរបស់ប្រទេសវៀតណាម ក្នុងការរឹតបន្តឹងច្បាប់សុវត្ថិភាពអ៊ីនធឺណេត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Beam Start នៅថ្ងៃទី២៥ សីហា ២០២២
ច្បាប់ថ្មីដែលវៀតណាមទើបប្រកាសចេញនេះ បានចែងថា “ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ រាប់ចាប់ពីកំណត់ត្រាហិរញ្ញវត្ថុ ទិន្នន័យជីវមាត្រ ព័ត៌មានអំពីជនជាតិវៀតណាម និងទស្សនៈនយោបាយរបស់ប្រជាជន ឬទិន្នន័យណាមួយដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ ក្នុងពេលប្រើអ៊ីនធឺណិត ត្រូវតែរក្សាទុកក្នុងស្រុក”។
នៅក្នុងអនុក្រឹត្យនោះបានបន្ថែមទៀតថា “អាជ្ញាធរមានសិទ្ធិចេញសំណើរប្រមូលទិន្នន័យ ប្រសិនបើត្រូវស៊ើបអង្កេត រួមទាំងមានសិទ្ធលុបចោលរាល់ខ្លឹមសារ ប្រសិនបើចាត់ទុកថាខុសច្បាប់នឹង បំពានគោលការណ៍ណែនាំរបស់រដ្ឋាភិបាល”។
គួរជម្រាបដែរថា ប្រទេសវៀតណាមនឹងទុកពេលឱ្យ ១២ខែ សម្រាប់ក្រុមហ៊ុន Google, Meta និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀ ដើម្បីរៀបចំកន្លែងផ្ទុកទិន្នន័យក្នុងប្រទេសវៀតណាម និងការិយាល័យតំណាង បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ៕