ភ្នំពេញ ៖ ក្រុមយុវជនចូលរួមប្រកួតវោហារស័ព្ទ ប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានស្នើសុំរាជរដ្ឋាភិបាល យកចិត្តទុកដាក់បន្ថែម ដើម្បីលុបបំបាត់ បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។

ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ប្រសិនបើកុមារ និងយុវជនលង់ខ្លួនប្រើប្រាស់ផលិតផលទាំងនេះ នោះពួកគេនឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សា និងអនាគត។ រីឯ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមក៏ធ្លាក់ចុះផងដែរ។

បេក្ខជន ចូលរួមប្រកួតវោហារស័ព្ទនេះ ក៏បានលើកឡើងអំពីករណីសិក្សាជាក់ស្ដែងនៃគ្រោះថ្នាក់ ផលវិបាក ដែលជនរងគ្រោះបានទទួលដោយសារការលង់ខ្លួនប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។

ទន្ទឹមគ្នានេះ បេក្ខជន ក៏បានលើកឡើងពីបញ្ហាប្រឈម ដែលមិនធ្វើឱ្យកម្ពុជាមិនទាន់អាចលុបបំបាត់បារីអេឡិចត្រូនិកបានទាំងស្រុងដូចជា ការគ្រប់គ្រងការលក់ និងផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមនៅមានកម្រិត និងបន្តឱ្យមានការហូរចូលនូវផលិតផលខុសច្បាប់ទាំងនេះ ក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយ។

ក្នុងន័យចូលរួមដោះស្រាយលើបញ្ហានេះ បេក្ខជន បានធ្វើការស្នើសុំឱ្យមានការពង្រឹងអំណាចលិខិតគតិយុត្តដែលមានស្រាប់ ដូចជា ការដាក់ឱ្យមានទោសទណ្ឌជាដើម ចាត់វិធានលុបបំបាត់ការលើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកលើបណ្ដាញទំនាក់ទំនងសង្គម បន្តអនុវត្តការងារចុះបង្ក្រាបការប្រើប្រាស់និងចែកចាយ និងបិទមិនឱ្យមានបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ចូលក្នុងផ្ទៃប្រទេស និងស្នើសុំឱ្យមានការអប់រំផ្សព្វផ្សាយអំពីលិខិតគតិយុត្ត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ឱ្យបានកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ និងយុវជន។

សូមរំលឹកថា មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុបង្ករគ្រោះថ្នាក់ជាច្រើន អាចបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ