កាកកាហ្វេ និងកាកតែ ក្រោយពីឆុងទទួលទានហើយ កុំទាន់បោះវាចោល ព្រោះនៅមាន ប្រយោជន៍សម្រាប់មនុស្សយើងតទៅទៀត!
ក្លិនកាហ្វេ និងក្លិនតែ នៅក្នុងពេលព្រឹកក្នុងផ្ទះរបស់យើងធ្វើឲ្យមនុស្សទាំងអស់មានសេចក្តីសុខយ៉ាងចម្លែក។ ក្រោយពីយើងទទួលទានកាហ្វេ ឬតែរួចហើយ កាករបស់វាមានមនុស្សភាគច្រើនបោះចោល ដោយគិតថាជារបស់គ្មានប្រយោជន៍តទៅទៀត។
នៅក្នុងតំបន់បិទខ្ទប់ ដែលជាតំបន់ចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់ផ្តាច់ចោលនូវខ្សែរចម្លងមេរោគCovid-19 និងមេរោគផ្សេងទៀត ធ្វើឲ្យយើងនឹងឃើញដល់កាហ្វេក្នុងទូរចាន នឹកឃើញដល់កញ្ចប់តែនៅក្នុងទូរតាំង ដែលយើងពុំនឹករបស់ទាំងពីរនេះអស់ពេលដ៏យូរ។ សភាពស្អុសស្អាប់ និងតប់ប្រមល់របស់យើងត្រូវកំចាត់អស់ចេញពីអារម្មណ៍របស់យើងដោយសារក្លិនកាហ្វេ និងក្លិនតែក្នុងពេលព្រឹកព្រហាម។
ក្លិនឈ្ងុយរបស់កាហ្វេមកពីខេត្តរតនគិរី និងក្លិនតែមកពីប្រភពជាមួយគ្នានេះ បានជួយបញ្ចេញអ្វីៗក្នុងអារម្មណ៍រំខានទាំងប៉ុន្មានឲ្យចាកចេញទៅដោយសន្តិវិធី។
ក្រោយពីជួយឲ្យយើងទទួលបាននូវអារម្មណ៍ស្រស់ស្រាយរួចមក កាកកាហ្វេ និងកាកតែនៅតែផ្តល់ប្រយោជន៍ដល់យើងបានទៀតដូចជា៖
១/ យកកាហ្វេទៅរោយដាក់នៅគល់ដើមផ្កាមុខផ្ទះធ្វើឲ្យដើមផ្ការឹតតែល្អលូតលាស់យ៉ាងឆាប់រហ័ស។
២/កាកកាហ្វេអាចជួយដេញស្រមោចដែលកជាសំបុកកៀនជញ្ជាំងបានដោយមិនបាច់បាញ់ថ្នាំគីមីទេ។
៣/ កាកកាហ្វេបុកលាយនឹងសំបកក្រូចរួចហើយយកទៅដាក់តាមដើមផ្កា ឬបន្លែក្បែរផ្ទះ នៅត្រង់គល់របស់វា ធ្វើឲ្យយើងគ្មានកង្វល់ពីការំខានរបស់ឆ្មា និងសុនខ ដែលជាសត្វរពឹសចូលចិត្តកកាយដីនៅតាមគល់ផ្កា ឬបន្លែរបស់យើង។