(មានវីដេអូ) Man United ឡើងទៅវគ្គ៨ក្រុមនៃ FA Cup ក្រោយយកឈ្នះ West Ham ក្នុងលទ្ធផល ១-០ ចុងម៉ោង ទាំងប្រផិតប្រផើយ ខណៈ Burnley ចាញ់ក្រុមមកពីលីគ២
អង់គ្លេស ៖ ខ្សែបម្រើ Scott McTominay បានជួយឲ្យក្រុម Manchester United ឈានទៅប្រកួតដណ្តើមពាន FA Cup វគ្គ៨ក្រុមចុងក្រោយ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីបន្ថែម១៥នាទី២ដងរបស់គេ បានជួយឲ្យក្រុមខ្លួនឈ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ លើក្រុម West Ham កាលពីថ្ងៃអង្គារ៍។
ក្រុមរបស់លោក Ole Gunnar Solskjaer មិនបានបង្ហាញពីទមរ្រង់លេងយ៉ាងល្អរបស់ខ្លួនឡើយ ក្នុងការប្រកួតជុំទី៥នាកីឡដ្ឋាន Old Trafford។ ប៉ុន្តែ ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើអន្តរជាតិស្កុតឡេន McTominay បានជួយឲ្យក្រុម Man United ឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្នុងរដូវកាលជាលើកទី៨ជាប់ៗគ្នា។
ដោយឡែក Man United បានឈ្នះពាន FA Cup ជាលើកចុងក្រោយ កាលពីឆ្នាំ២០១៦ ហើយគ្រាប់បាល់ទី៣របស់ McTominay ក្នុងចំណោមការប្រកួត៣លើក បានជួយឲ្យក្រុមបិសាចក្រហមរក្សាស្ថិតក្នុងការប្រជែងដណ្តើមពាននេះ ជាលើកទី១៣។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតជុំទី៥មួយផ្សេងទៀតកាលពីថ្ងៃអង្គារ Burnley បានធ្លាក់ចេញដ៏មិននឹកស្មានដល់ ក្រោយពីក្រុម Bournemouth បានយកឈ្នះ ២-០ នៅកីឡដ្ឋាន Turf Moor៕