អន្តរជាតិ៖ ប្រទេសអាស៊ីអាគ្នេយ៍ និងលោកខាងលិចមួយចំនួនបានជំរុញឱ្យមីយ៉ាន់ម៉ាបញ្ចៀសពីអំពើហិង្សា ក្រោយពេលមានខាងរដ្ឋាភិបាលស្រមោល NUG ប្រកាសអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងមីយ៉ាន់ម៉ា ក្រោកឈរធ្វើបដិវត្តន៍ប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន CNA

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Teuku Faizasyah បានលើកឡើងថា៖ «គ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ាត្រូវតែចាត់ទុកសុវត្ថិភាព និងសុខដុមរមនារបស់ប្រជាជនមីយ៉ាន់ម៉ាជាអាទិភាព»។ លោកក៏បានកត់សម្គាល់ថា សន្តិសុខមានភាពចាំបាច់ណាស់សម្រាប់ជំនួយមនុស្សធម៌។

លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលទើបតែតែងតាំងថ្មីបានប្រាប់សន្និសីទកាសែតមួយថាការប្រកាសសង្គ្រាមនេះធ្វើឱ្យស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាចាប់ផ្ដើមសារជាថ្មីឡើងវិញហើយ។

ដោយឡែក ឯកអគ្គរាជទូតអង់គ្លេសប្រចាំមីយ៉ាន់ម៉ាលោក Pete Vowel លើកឡើងនៅក្នុងបណ្ដាញហ្វេសប៊ុកថា ខាងអង់គ្លេសថ្កោលទោសលើរដ្ឋប្រហារ និងអំពើឃោរឃៅដោយខាងយោធា តែក៏ជំរុញឱ្យគ្រប់ភាគីទាំងអស់ចូលតុចរចា។ 

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកវិញ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា ខ្លួនបានកត់សម្គាល់អំពីការប្រកាសរបស់ NUG តែក៏សង្កត់ធ្ងន់ថា «អំពើហិង្សាមិនមែនជាដំណោះស្រាយសម្រាប់វិបត្តិនាពេលបច្ចុប្បន្ននោះទេ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ