បណ្ដាប្រទេសអាហ្រ្វិកបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី ដោយងាកចេញពីលោកខាងលិច
រុស្ស៊ី៖ ជំហរបស់បណ្ដាប្រទេសអាហ្វ្រិកក្នុងការចូលរួមជាមួយលោកខាងលិច ដើម្បីកាត់ផ្ដាច់រុស្ស៊ីឱ្យនៅឯកោ បន្ទាប់ពីលោកប្រធានាធិបតី វ៉ា្លឌីមៀរ ពូទីន បញ្ជាកងទ័ពរបស់ខ្លួនឱ្យចូលលុកលុយអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងអាហ្រ្វិក និងបស្ចិមលោក មានគម្លាតកាន់តែខ្លាំងឡើងៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃ១១ តុលា ២០២២។
បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមនៅចុងខែកុម្ភៈ ការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ ជី និងអាហារ ដែលរុស្ស៊ីមានចំណែកនាំចេញយ៉ាងធំនោះ បានធ្វើឱ្យប្រទេសជាច្រើននៅទូទាំងពិភពលោកប្រឈមមុខនឹងអស្ថិរភាពសេដ្ឋកិច្ច។ ប៉ុន្តែសម្រាប់បណ្ដាប្រទេសអាហ្វ្រិក វាគ្រាន់តែជាបញ្ហាដែលបូកបន្ថែមទៅលើអ្វីដែលទ្វីបនេះមានស្រាប់ ដូចជាបញ្ហាអសន្តិសុខ ភាពក្រីក្រ វិបត្តិកូវីដ វិបត្តិនយោបាយក្នុងស្រុក និងការស្ថិតនៅចំចន្លោះនៃការប្រកួតប្រជែងដណ្ដើមភូមិសាស្រ្តនយោបាយពីសំណាក់ប្រទេសមហាអំណាចប៉ុណ្ណោះ។
អ្នកវិភាគមួយចំនួនយល់ឃើញថា ដើម្បីទាញចិត្តនិងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអាហ្វ្រិក ជាពិសេសជាមួយបណ្ដាប្រទេសដែលងាកចេញពីខ្លួននោះ បស្ចិមលោកត្រូវតែបង្កើនការវិនិយោគ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅទ្វីបមួយនេះ។ ពួកគេគូសបញ្ជាក់ទៀតថា យុទ្ធសាស្ត្រនេះអាចនាំឱ្យអាហ្វ្រិកងាកចេញពីមហាអំណាចផ្ដាច់ការទាំងចិន និងរុស្ស៊ី និងធ្វើលទ្ធិប្រជាធិបតេយ្យមានស្ថិរភាពនៅក្នុងទ្វីប ដែលជាប្រយោជន៍លើការពង្រីកឥទ្ធិពលរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្រ្តនយោបាយបានមើលឃើញថា ទំនាក់ទំនងរវាងបណ្ដាប្រទេសអាហ្វ្រិកមួយចំនួននិងរុស្ស៊ី កាន់តែមានភាពជិតស្និទ្ធគ្នាជាងមុន ខណៈឥទ្ធិពលរបស់ប្រទេសបស្ចិមលោកសំខាន់ៗ រួមទាំងបារាំង បានចុះខ្សោយកាន់តែខ្លាំងឡើងៗនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕RT