(តូក្យូ)៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមគ្រូពេទ្យនៅប្រទេសជប៉ុន បានប្រកាសពីការជួយសង្គ្រោះជីវិតអ្នកបាត់បង់សួតដោយសារកូវីដ១៩ ដោយវះកាត់ប្តូរសួតជោគជ័យពីអ្នកបរិច្ចាគដែលនៅរស់។ 

មន្ទីរពេទ្យសាកលវិទ្យាល័យ ក្យូតូ បានលើកឡើងថានេះជាការវះកាត់ប្តូរសួតព្យាបាលអ្នកមានកូវីដ១៩ជោគជ័យដំបូងគេបំផុតរបស់ពិភពលោក និងអាចថាជាករណីកម្រផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយបន្ទាប់ពីប្រតិបត្តិការវះកាត់ជិត ១១ម៉ោងកាលពីថ្ងៃពុធ។ អ្នកជំងឺរូបនោះជាស្ត្រីមកពីតំបន់ Kansai នាងទទួលបានការបរិច្ចាគសួតពីស្វាមីនិងកូនប្រុស ហើយពួកគេក៏មានសុខភាពល្អផងដែរ។

ដោយឡែក ស្ត្រីរូបនេះបានឆ្លងកូវីដ១៩ កាលពីចុងឆ្នាំមុន ហើយមានការពិបាកដកដង្ហើមដែលកាន់តែធ្ងន់ធ្ងរទៅៗ ហើយសួតរបស់នាងត្រូវខូចដែលមិនអាចព្យាបាលបានតទៅទៀត ដូច្នេះមានជម្រើសតែមួយគត់សម្រាប់នាងដើម្បីរស់បន្តពោលគឺការផ្លាស់ប្តូរសួតនេះឯង។

យ៉ាងណាមិញ ស្វាមី និងកូនប្រុសអ្នកជំងឺ បានស័្មគ្រចិត្តបរិច្ចាគសួត ហើយពួកគេទាំង២រូបនេះត្រូវបានវះកាត់នៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូដោយមានក្រុមគ្រូពេទ្យចូលរួម ៣០នាក់ ដោយបុរសជាប្តីបរិច្ចាគសួតខាងឆ្វេងមួយផ្នែក ចំណែកកូនប្រុសវិញបរិច្ចាគសួតខាងស្តាំមួយផ្នែក។

គួរបញ្ជាក់ថា អ្នកជំងឺខាងលើត្រូវបានគេរំពឹងថានឹងអាចចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេលប្រហែល២ខែហើយអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញក្នុងរយៈពេលប្រហែល ៣ ខែ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ