សហរដ្ឋអាមេរិក ៖ បណ្ដាអ្នកវិទ្យាសាស្ត្រអាមេរិក បានទទួលជោគជ័យក្នុង ដំណើរកែប្រែក្រលៀនជ្រូក បែបហ្សេនេទិក ដែលនោះជារបកកំហើញមួយតំណាងឲ្យក្ដីសង្ឃឹម សម្រាប់មនុស្សជាច្រើន ដែលរង់ចាំការវះកាត់ដូរក្រលៀន។ ការជោគជ័យនេះ ត្រូវបានអះអាង នឹងអាចឲ្យគេគិតថា ជ្រូកថ្ងៃណាមួយ ត្រូវបានចិញ្ចឹមក្នុងគោលបំណង ផ្ដល់បណ្ដាសរីរាង្គ ដូចជាសួតនិងបេះដូងជាដើម សម្រាប់វះកាត់ដូរឲ្យមនុស្សដែលត្រូវការចាំបាច់។

ការវះកាត់ដូរក្រលៀនជ្រូកឲ្យមនុស្សនោះ ត្រូវបានធ្វើក្នុងមន្ទីរពេទ្យ NYU LANGONE ក្រុងញូវយ៉ក កាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ ដោយគេបានយកក្រលៀងជ្រូកកែប្រែខាងហ្សេនេទិក ដែលអាចឲ្យសរីរាង្គនោះមិនត្រូវបដិសេធដោយសរីរាង្គមនុស្ស។


ក្រលៀនជ្រូកដែលនិយាយនោះ មិនមែនយកទៅប្ដូរខាងក្នុងខ្លួនមនុស្សឡើយ តែគេបានភ្ជាប់ប្រព័ន្ធសរសៃឈាម ទៅប្រព័ន្ធសរសៃឈាមអ្នកជំងឹម្នាក់ ដែលស្ថិតក្នុងស្ថានភាពនៃការស្លា.ប់សរសៃខួរក្បាលរួចទៅហើយ។ គ្រួសារអ្នកជំងឺនោះ បានអនុញ្ញាតឲ្យយករូបគេ វះកាត់ពិសោធន៍ដូរក្រលៀននៅត្រង់ភ្លៅ។ ក្រោយការប្ដូរហើយក្រលៀននេះ បានដំណើរការទៅតាមស្ថានភាពរបស់វា ដោយអាចផលិតទឹកនោមជាដើម។ នេះជាការអះអាងរបស់លោក ROBERT MONTGOMERY នាយកនៃវិទ្យាស្ថានវះកាត់ដួរសរីរាង្គនៃមន្ទីរពេទ្យ NYU LANGONE ។

លោកបានបញ្ជាក់បន្ថែមថា ក្រលៀនពិតជាដំណើរការ ២ថ្ងៃកន្លះជាពេលធ្វើការពិសោធន៍ ហើយក្រលៀននោះបានធ្វើនូវអ្វីដែលត្រូវធ្វើ ដោយវាអាចផលិតទឹកនោម។ ការវះកាត់ប្ដូរបែបនោះ គេធ្លាប់បានធ្វើរួចមកហើយពីមុនមក តែមិនដែលបានជោគជ័យលើមនុស្សឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ