បុរសម្នាក់ ដែលបាញ់បងបង្កើតបណ្តាលឱ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចតាមប្រមាញចាប់បាននៅខេត្តស្វាយរៀង
ស្វាយរៀង៖ បុរសម្នាក់ដែលបាញ់បងប្រុសបង្កើតបណ្តាលឱ្យរងរបួស នៅក្រុងតាខ្មៅ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការស្រាវជ្រាវឃាត់បាន នៅខេត្តស្វាយរៀង កាលពីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី កុយ សុភាព បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋានគរបាល ស្រុកកំពង់រោទិ៍ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ មុខរបរលក់ផលិតផល តាមអនឡាញ មានលំនៅ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានប្រព្រឹត្តអំពើប៉ុនប៉ងឃាតកម្មលើបងប្រុសបង្កើតឈ្មោះ ឆាយ សៀមម៉ី អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានលាក់ខ្លួននៅផ្ទះរបស់ឈ្មោះ ម៉ា ឈិត ហៅ យុ ភេទប្រុស នៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ម៉ាក ស៊ីរូស ពណ៌ខ្មៅតែមក្រហម ពាក់ស្លាកលេខ វៀតណាម 84-G1 019.40 និងទូរស័ព្ទមួយគ្រឿង ម៉ាកហ័រវ៉េយ ពណ៌ខ្មៅ ៕