បាងកក៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃទី០៧ កក្កដា ២០២១ នេះថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចំនួន ៥៤នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន ៦,៥១៩ករណីទៀត។ នេះបើយោងតាមសារព័ត៌មាន Bamgkok Post នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១។
មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ១៩បានឲ្យដឹងថា ក្នុងចំណោមឆ្លងថ្មីៗ ៦,៥១៩នាក់ នេះ មានចំនួន ៦,៤៦៤ ករណី ឆ្លងប្រជាជនជាទូទៅ និង៥៥នាក់ ឆ្លងក្នុងពន្ធនាគារផងដែរ ខណៈអ្នកជំងឺចំនួន ៤,១៤៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ចាប់តាំងពីថ្ងៃទី ០១ ខែមេសានៅពេលរលកទី ៣ នៃ Covid-19 បានចាប់ផ្តើមមានអ្នកជំងឺឆ្លង ២៧២,៣០៩ករណី នឹងជាសះស្បើយសរុប ២០៣,៧៤៥ នាក់។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០១.១៧២ករណី ក្នុងនោះមានអ្នកស្លាប់ ២,៣៨៧និងអ្នកជាសះស្បើយ ២៣១,១៧១នាក់៕RT