អ៊ីស្លាម៉ាបាដ៖ មន្រ្តីបាននិយាយថា សាលារៀនប្រមាណជាង ៥៦,០០០កន្លែងក្នុងប្រទេសប៉ាគីស្ថាន នឹងបិទទ្វារឈប់បង្រៀនសិស្សជាបណ្តោះអាសន្ន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលដ៏ធំ នៃការឆ្លងមេរោគភ្នែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ កញ្ញា ២០២៣។
ការឆ្លងមេរោគភ្នែកដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យឡើងក្រហម រមាស់ និងហូរទឹករំអិលចេញពីភ្នែក ហើយការចម្លងរោគអាចឆ្លងតាមរយៈការប៉ះដៃ ការក្អក និងកណ្តាស់ជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យនាយកដ្ឋានអប់រំខេត្ត Punjab លោក ហ្ស៊ូហ្វីហ្គា អាលី ថា ការបិទសាលារៀនជាបណ្តោះអាសន្ន គឺជាវិធានការសកម្មមួយ ដើម្បីផ្តល់ការការពារជាអតិបរមាដល់សិស្សប្រឆាំងនឹងការឆ្លងមេរោគភ្នែក។
ទន្ទឹមគ្នា អ្នកស្រុកប្រមាណ ១២៧,០០០នាក់ស្ថិតនៅភាគខាងកើតនៃខេត្ត Punjab បានបិទទ្វារស្នាក់នៅក្នុងផ្ទះ ខណៈដែលសាលារៀនរដ្ឋចំនួន ៥៦,០០០កន្លែង និងសាលារៀនឯករាជ្យរាប់ពាន់កន្លែងផ្សេងទៀត បានបិទទ្វារផ្អាកបង្រៀនសិស្សជាបណ្តោះអាសន្ន។
គួរបញ្ជាក់ផងដែរថា សិស្សសាលារាប់លាននាក់នឹងត្រូវស្នាក់នៅក្នុងផ្ទះរបស់ពួកគេ គិតចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ បន្ទាប់ពីខេត្ត Punjab ដែលជាខេត្តមានប្រជាជនច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថាន បានកត់ត្រាករណីឆ្លងមេរោគភ្នែករហូតដល់ ៣៥៧,០០០ករណី គិតចាប់តាំងពីដើមឆ្នាំមក៕RT