ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា លទ្ធផលជំរឿនឆ្នាំ២០២១ បានបង្ហាញថា ប្រទេសកម្ពុជា ផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់ សត្វត្រយងចង្កំកស ដោយសារកម្ពុជា មានវត្តមានសត្វប្រភេទនេះ ច្រើនជាងគេនៅទូទាំងពិភពលោក។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ក្នុងកិច្ចការពារត្រយងចង្កំកស និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វកម្រទាំងនោះ ព្រោះវាមានតម្លៃមហាសាលសម្រាប់ជីវៈចម្រុះ និងការអភិរក្សជាសកល និងមានតម្លៃសម្រាប់ទេសចរណ៍ធម្មជាតិ ទាក់ទាញភ្ញៀវទេសចរ និងចំណូលជូនសហគមន៍ និងសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។ សព្វថ្ងៃនេះ ចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកសទូទាំងពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណជាង១០០០ក្បាប៉ុណ្ណោះ  ដែលក្នុងនោះមានប្រមាណជាង៦៧០ក្បាលជាសត្វពេញវ័យ។

ជាងនេះទៅទៀត សត្វត្រយងចង្កំកស ដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានកត្តាគំរាមកំហែងមួយចំនួនដូចជា៖ ការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុកនិងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្ស៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ