ប្រធានាធិបតីបារាំងបង្ហាញការយល់ឃើញថា ការធ្វើពហិការអូឡាំពិករដូវរងាក្រុងប៉េកាំងជារឿងឥតប្រយោជន៍
បារាំង៖ លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា ប្រទេសបារាំងគ្មានគម្រោងថា នឹងធ្វើពហិការការទូតព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ក្នុងទីក្រុងប៉េកាំងនោះទេ។នេះបើតាមការចេញផ្សាយដោយ CNA កាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោក Macron បាននិយាយថា ទង្វើណាមួយបែបនេះនឹងក្លាយជារឿងឥតប្រយោជន៍ និងគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលីបាននិយាយថា ខ្លួននឹងមិនបញ្ជួនតំណាងរដ្ឋាភិបាលទៅកាន់ព្រឹត្តិការណ៍ដែលនឹងធ្វើឡើងនៅខែកុម្ភៈនោះទេ ដោយសារក្ដីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន។ រួមទាំងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សប្រឆាំងជនជាតិភាគតិចអ៊ុយហ្គ័រ និងជនជាតិភាគតិចដទៃទៀត។
គួរបញ្ជក់ថា ទំនាក់ទំនងក៏ត្រូវបានប្រេះឆាដោយសារការបង្ក្រាបលើសេរីភាពនយោបាយក្នុងទីក្រុងហុងកុង និងក្តីបារម្ភពីកីឡាករវាយកូនបាល់របស់ចិនគឺនាង Peng Shuai ដែលបាត់មុខរយៈពេលជាច្រើនសប្ដាហ៍ បន្ទាប់ពីរូបនាងបានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលជាខ្ពស់មួយរូបពីបៀតបៀនផ្លូវភេទ។ចំណែកភាគីប្រទេសចិនបានលើកឡើងថា បណ្ដាប្រទេសដែលបានធ្វើពហិការក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវសងសម្រាប់កំហុសឆ្គងរបស់ពួកគេ។ ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា លោកបានទទួលការអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះហើយ៕PP