ភ្នំពេញ៖ ឆ្លើយតបទៅនឹងការ ប្រកាសរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឱ្យ អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។
ការចេញបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ធ្នូ បានប្រកាសថាអាមេរិកនឹងបន្ថែម វិធានការកំណត់ថ្មីលើការនាំចេញ និងនាំចេញឡើងវិញ នូវប្រភេទទំនិញរសើប របស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់ លក់អាវុធនិងសម្ភារៈយោធា ដល់កម្ពុជា ដោយក្រោមហេតុផល ថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាត បង្កើនវត្តមាន យោធាចិន ក្នុងប្រទេសកម្ពុជា។
នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេច អំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំង ពីភាពត្រឹមត្រូវ នៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក»។
ទន្ទឹមនឹងនេះ សម្ដេច សូមដាក់ចេញបទបញ្ជា ដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។
សម្ដេច ក៏បានឱ្យដឹងផងដែរថថា តាមចំណាំរបស់សម្ដេច អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិក ជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធ អាវុធអាមេរិក និងបាននាំចូល អាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជា ជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។
សម្ដេចបន្ថែមថា ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ សម្ដេចមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធ របស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។ជាថ្មីម្តងទៀត សម្ដេចសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្ត របស់សម្ដេច មិនយល់ព្រមទិញអាវុធ ពីអាមេរិក ពិតជាត្រឹមត្រូវសម្រាប់នយោបាយ ការពារជាតិរបស់កម្ពុជា ហើយវាក៍ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រង រាជរដ្ឋាភិបាលជំនាន់ក្រោយឱយបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យ ការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់ អាមេរិក៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ