(អន្តរជាតិ)៖ កប៉ាល់ដឹកទំនិញចំនួន២គ្រឿងបានប៉ះទង្គិចគ្នា នៅថ្ងៃចន្ទនេះ កំលុងអាកាសធាតុចុះអ័ព្ទខ្លាំង នៅតំបន់សមុទ្របាល់ទិច ចន្លោះកោះប៊នខុល (Bornholm) នៃប្រទេសដាណឺម៉ាក ហើយនិងទីក្រុងស្តាដ (Ystad) នៃប្រទេសស៊ុយអែត។ ក្រោយហេតុការណ៍នេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ ត្រូវបានធ្វើឡើង សម្រាប់មនុស្ស២នាក់ ដែលកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរដែនសមុទ្រស៊ុយអែត (SMA) បានឲ្យដឹងថា ឧប្បត្តិហេតុខាងលើបានបណ្តាលឲ្យ កប៉ាល់ឈ្មោះ ការីន ហូច (Karin Heoj) ដែលមានបណ្តោយប្រវែង៥៥ម៉ែត្រ និងចុះបញ្ជីនៅដាណឺម៉ាក លិចចូលទៅក្នុងទឹក។ មានមនុស្ស២នាក់នៅលើកប៉ាល់នោះ ហើយកំពុងតែបាត់ខ្លួន។ កប៉ាល់មួយគ្រឿងទៀត គឺជាកប៉ាល់អង់គ្លេសឈ្មោះ ស្កុតខារីយើ (Scot Carrier) ដែលមានប្រវែង៩០ម៉ែត្រ។ កប៉ាល់អង់គ្លេសនៅមានសភាពល្អធម្មតា ហើយក្រុមការងារកប៉ាល់មានសុវត្ថិភាពទាំងអស់។

គួរបញ្ជាក់ថា នៅពេលកើតហេតុ កប៉ាល់ដឹកទំនិញ ការីន ហូច កំពុងធ្វើដំណើរពីទីក្រុងសូដឺថាល់ចេ (Sodertalje) ក្នុងប្រទេសស៊ុយអែត ដើម្បីឆ្ពោះទៅកាន់ទីក្រុងនីកូប៊ីងហ្វាល់ស្ទើ (Nykobing Falster) នៅភាគខាងត្បូងដាណឺម៉ាក ដោយមានផ្ទុកមនុស្ស២នាក់។ រីឯកប៉ាល់ ស្កុតខារីយើ កំពុងធ្វើដំណើរពីទីក្រុងហាកស្សាម (Hargshamn) នៅភាគខាងជើងទីក្រុងស្តុកខុល (Stockholm) ក្នុងប្រទេសស៊ុយអែត ឆ្ពោះទៅកាន់ទីក្រុងម៉ុនរ៉ូស (Montrose) នៅភាគខាងកើតប្រទេសស្កុតលែន៕PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ