ភ្នំពេញ ៖ សវនាការពាក់ព័ន្ធសំណុំរឿង រួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩(វិលចូលស្រុកលោក សម រង្ស៊ី) ពីឆ្នាំ២០១៨ -២០១៩ របស់កញ្ញា សេង ធារី អ្នកការពារសិទ្ធិមនុស្ស មិនត្រូវបានបើកដំណើរការទេ ដោយសារកញ្ញាបានកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរា មិនសមកាលៈទេសៈតាមបទបញ្ជាផ្ទៃក្នុង។ 

ក្នុងឱកាសចូលរួមសវនាការកាលពីថ្ងៃ៧ ធ្នូ កញ្ញាបង្កការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការកោរសក់ឲ្យត្រងោ អមដោយឈុតសំលៀកបំពាក់ បែបប្រពៃណីវប្បធម៌ខ្មែរជានារីអប្សរា ។ ចំណុចនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហៅថា ដើម្បីជាការធ្វើឲ្យទាក់ទាញ ចំណាប់អារម្មណ៍ ពីមតិសាធារណជនប៉ុណ្ណោះ ។

ក្នុងសវនការជាមួយអតីតសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ចំនួន៤២នាក់ ផ្សេងទៀត កញ្ញា សេង ធារី មិនត្រូវបានតុលាការជំនុំជម្រះទេ គឺត្រូវលើកពេលទៅថ្ងៃ២៨ ធ្នូ ខណៈអតីតសកម្មជនទាំងនោះ លើកពេលដល់ថ្ងៃ១៤ ធ្នូ ។លោក សុខ ឥសាន បានបញ្ជាក់ថា «ត្រូវយល់ នេះជាការសម្តែងឲ្យមានការចាប់អារម្មណ៍ ពីមតិសាធារណៈមួយចំនួន តែប៉ុណ្នឹងទេ និងរឿងកេងចំណេញ វាមិនមែន ជារឿងយកត្រូវខុសរឿង ក្នុងក្តីហ្នឹងទេ»។

ចំពោះការលើកពេលសវនាការ របស់កញ្ញា សេង ធារី និងអតីតសកម្មជនផ្សេងទៀតនោះ ត្រូវបានលោក សុខ ឥសាន ថ្លែងថា ដោយសារតុលាការមិនចង់រញ៉េរញ៉ៃជាមួយពួករញ៉េរញ៉ៃទាំងនេះ ។

សូមបញ្ជាក់ថា ជនជាប់ចោទក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ រួមមាន ៖ លោក សម រង្ស៊ី , លោកស្រី ជូឡុង សូមួរ៉ា , លោក ម៉ែន សុថាវរិន្ទ្រ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ហូរ វ៉ាន់ , លោក ឡុង រី និងលោក នុត រំដួល ។ ពួកគេត្រូវបានជាប់ចោទពីបទ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ