ភ្នំពេញ ៖ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានរៀបចំពិធីថ្វាយព្រះភ្លើងរួចហើយ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងប្រោសព្រះរាជទានព្រះភ្លើងក្នុងការបូជាព្រះសព។ ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គយាងចូលរួមផងដែរ។នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាល កំណត់ជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេសផងដែរ ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែលព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពព្រះអង្គ បានយាងពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ