BEIJING៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) ចំនួន ១០ ប្រទេសនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងនឹងមិនបង្ខិតបង្ខំប្រទេសជិតខាងក្នុងតំបន់តូចជាងខ្លួននោះទេ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា កិច្ចប្រជុំកំពូលតាមរយៈអនឡាញ ចិន-អាស៊ាន ដែលត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបរយៈពេល ៣០ ឆ្នាំនៃកិច្ចសន្ទនា នឹងជួយដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

ជាក់ស្តែង លោក Xi Jinping បាននិយាយថា ប្រទេសចិននឹងមិនស្វែងរកអាណានិគម ឬទាញយកផលប្រយោជន៍ពីទំហំអំណាចរបស់ខ្លួន ដើម្បី "សម្លុត" ប្រទេសតូចៗ ហើយនឹងធ្វើការជាមួយអាស៊ានដើម្បីលុបបំបាត់ "ការជ្រៀតជ្រែក"  ទៀតផង។យោងតាមប្រភពពីរដែលបានដឹងអំពីកិច្ចប្រជុំនេះបានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលបានចាប់ផ្តើមដោយគ្មានតំណាងមីយ៉ាន់ម៉ាមានវត្តមាននោះទេ។ ដោយឡែក មូលហេតុនៃការមិនចូលរួមនេះ មិនទាន់ច្បាស់ភ្លាមៗទេ ហើយអ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបការហៅទូរស័ព្ទស្វែងរកការអត្ថាធិប្បាយនោះទេ។

គួររំលឹកថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានដឹកនាំការបង្រ្កាបយ៉ាងបង្ហូរឈាមលើការប្រឆាំងចាប់តាំងពីការដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែកុម្ភៈ ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីខែតុលាមកម្ល៉េះ៕ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ