កម្ពុជា លើកទឹកចិត្ត ចិនបន្ដផ្ដល់ជំនួយដល់អាស៊ាន និងគាំទ្រចំពោះក្របខណ្ឌការឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។
ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ, កម្ពុជាអបអរសាទរ ចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើន ប្រមាណ ៩,៨% ក្នុងរយៈពេលត្រឹមតែ ៩ ខែដំបូង ក្នុងឆ្នាំ ២០២១។
សម្ដេចតេជោ បានបន្ដថា កម្ពុជា អរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើន សង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។
សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជាសូមលើកទឹកចិត្តឱ្យចិន បន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេស ផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន និងគំនិតផ្តួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ។ ក្នុងពេលចំពោះមុខ កម្ពុជាសូមលើក ទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និង លើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ចពាណិជ្ជកម្ម និងការវិនិយោគ»។
សម្ដេចតេជោ បានបន្ថែមថា ជាទិសដៅអនាគត កម្ពុជាលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន ។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចត្តិទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់ រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត អាស៊ាន-ចិន ឆ្នាំ២០៣០៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ