ពលរដ្ឋឥណ្ឌាអ្នកកាន់សាសនហិណ្ឌូ កំពុងរីករាយពិធីបុណ្យក្នុងផ្ទៃទន្លេ ដែលមានពពុះទឹកពណ៌សហូរចុះមកយ៉ាងច្រើន
(ឥណ្ឌា)៖ប្រជាជនឥណ្ឌាអ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅកាន់ទន្លេយ៉ាមូណា ក្នុងទីក្រុងញ៉ូដេហ៊ី កាលពីថ្ងៃពុធ ដើម្បីប្រារព្ធពិធីបុណ្យឆាលពូចា ដែលតម្រូវឱ្យពួកគេចុះត្រាំទឹកទន្លេ គោរពដល់ព្រះអាទិត្រ ។
បើតាមការចុះផ្សាយ ដោយទីភ្នាក់ងារAFP នៅថ្ងៃទី១១ វិច្ឆិកានេះ ប្រជាជនឥណ្ឌាដែលបានចូលរួមពិធីបុណ្យឆាលពូចា ត្រូវបានក្រុមអាជ្ញាធរព្រមានពីបញ្ហាប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដោយសារតែពួកគេនាំគ្នា ចុះត្រាំទឹកទន្លេក្នុងសភាពងូតទឹកផង ប្រលែងលេងជាមួយពពុះទឹកផង ដែលទង្វើនេះ ពួកគេពុំបានដឹងថា ទឹកដែលមានពពុះនោះ គឺផ្ទុកដោយសារធាតុពុល ចេញពីបណ្តាលរោងចក្រនានាក្នុងទីក្រុងញ៉ូដេហ៊ី ។ យ៉ាងណាក៏ដោយ អ្នកចូលរួមពិធីបុណ្យទាំងនោះយល់ថា វាជារឿងដ៏អស្ចារ្យទៅវិញទេ ដែលពិធីរបស់ពួកគេមានពពុះទឹកសជាច្រើនបែបនេះ ដែលវាប្រៀបបានទៅហ្នឹងការប្រទានពរពីព្រះជាម្ចាស់។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងខែវិច្ឆិកា ប្រជាជនឥណ្ឌាអ្នកកាន់សាសនាហិណ្ឌូ តែនាំគ្នាចេញពីផ្ទះ ឆ្ពោះទៅកាន់ទន្លេយ៉ាមូណាដើម្បីប្រារព្ធពិធីបុណ្យឆាលពូចា ។តែក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ស្ថានភាពទឹកទន្លេគឺមានសភាពខុសប្រក្រតី ដោយហេតុថា មានពពុះទឹកពណ៌ស ហូរធ្លាក់តាមផ្ទៃទឹកដែលវាកើតឡើងពីចន្លោះខែតុលាចុងឆ្នាំ កើតឡើងដោយសារសារធាតុពុល ហូរចេញពីរោងចក្រចូលក្នុងទន្លេនៅទីក្រុងញ៉ូដេហ៊ី៕PP