អាមេរិក៖កាលពីថ្ងៃអង្គារ អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់សមាជិកគ្រួសារ និងបុគ្គលិករបស់អង្គការសហប្រជាជាតិចំនួន ១៦នាក់ ត្រូវបានឃុំខ្លួននៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ចំពេលមានសេចក្តីរាយការណ៍អំពីការចាប់ខ្លួនជនជាតិភាគតិច Tigrayans ។នេះបើតាមសារព័ត៌មាន Reuters មបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានឱ្យដឹងថាថា "ពិតណាស់ យើងកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃប្រទេសអេត្យូពី ដើម្បីធានាឲ្យមានការដោះលែងពួកគេជាបន្ទាន់" ។ប៉ុន្តែលោកបានបដិសេធមិនឆ្លើយសំនួរ អំពីជនជាតិភាគតិចទាំងនោះដែលត្រូវបានឃុំខ្លួនឡើយ ដោយនិយាយថា "ពួកគេគឺជាសមាជិកបុគ្គលិករបស់អង្គការសហប្រជាជាតិ និងជាជនជាតិអេត្យូពី ហើយយើងចង់ឃើញពួកគេត្រូវបានដោះលែង ទោះបីជានៅក្នុងអត្តសញ្ញាណប័ណ្ណរបស់ពួកគេបាន ចុះបញ្ជីជាជាតិសាសន៍អ្វីក៏ដោយ"។

ក្នុងនោះកាលពីថ្ងៃអាទិត្យ គណៈកម្មការសិទ្ធិមនុស្សអេត្យូពីដែលតែងតាំងដោយរដ្ឋាភិបាលបាននិយាយថា ខ្លួនបានទទួលរបាយការណ៍ជាច្រើនអំពីការចាប់ខ្លួនជនជាតិ Tigrayans នៅក្នុងទីក្រុង រួមទាំងមនុស្សចាស់ និងម្តាយជាមួយកូន។កាលពីថ្ងៃអង្គារ លោក Daniel Bekele ប្រធានគណៈកម្មការសិទ្ធិមនុស្សបានប្រាប់អ្នកសារព័ត៌មាន ថា ខ្លួនកំពុងឃ្លាំមើល “ការចាប់ខ្លួនជនជាតិ Tigrayans រាប់រយនាក់នៅទីក្រុង Addis Ababa”។ដោយឡែកមន្ត្រីនគរបាលវិញបានបដិសេធថា មិនបានចាប់ខ្លួនជនជាតិភាគតិចទាំងនោះទេ  ពួកគេគ្រាន់តែ ឃាត់ខ្លួនអ្នកគាំទ្រនៃកងកម្លាំង Tigrayan ដែលបះបោរប្រឆាំងនឹងរដ្ឋាភិបាលកណ្តាលប៉ុណ្ណោះ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ