(អាមេរិក)៖អ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងដោតទង់ជាតិវៀតណាមនៅឈូងសមុទ្រអូម៉ង់កាលពីខែមុន ហើយនៅតែបន្តរក្សាទុកនាវានេះ ដែលនេះបង្ហាញពីការបង្កហេតុចុងក្រោយបង្អស់នៅក្នុងដែនទឹកមជ្ឈិមបូព៌ាខណៈភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិកជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។នេះបើតាមមន្ត្រីអាម៉េរិកពីររូបបានប្រាប់សារព័ត៌មាន The Associated Pressកាលពីថ្ងៃពុធទី៣វិច្ឆិកាម្សិលមិញ។
កងទ័ពឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់បានចាប់យកនាវា MV Southys ដែលអ្នកវិភាគសង្ស័យថាបានព្យាយាមផ្ទេរប្រេងឆៅអ៊ីរ៉ង់ដែលជាប់ទណ្ឌកម្មទៅអាស៊ីកាលពីថ្ងៃទី ២៤ ខែតុលាដោយភ្ជង់នឹងកាំភ្លើង។ កងកម្លាំងអាម៉េរិកបានតាមដានការរឹបអូសនេះ ប៉ុន្តែនៅទីបំផុតមិនបានចាត់វិធានការទេ ព្រោះនាវាបានបើកចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់។អ៊ីរ៉ង់បានប្រារព្ធពិធីរឹបអូសយកនាវានេះនៅក្នុងវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ មួយថ្ងៃមុនខួបលើកទី ៤២ នៃការដណ្តើមកាន់កាប់ស្ថានទូតអាម៉េរិកក្នុងទីក្រុងតេហេរ៉ង់ ឆ្នាំ ១៩៧៩។
ដោយឡែកមន្ត្រីស្ថានទូតវៀតណាមប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺទេ។ ទិន្នន័យតាមដាននាវាដែលវិភាគដោយ AP ពីវេបសាយ MarineTraffic.com បានបង្ហាញថានាវាកំពុងនៅក្បែរកំពង់ផែបាន់ដាអាប់បាសភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអង្គារទី២វិច្ឆិកា។ រូបថតផ្កាយរណបពីក្រុមហ៊ុន Planet Labs Inc.ក៏បានបង្ហាញនាវានៅក្បែរកំពង់ផែបាន់ដាអាប់បាសដែរក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕