(មីយ៉ានម៉ា)៖របបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ បានរក្សាការសម្រេចចិត្តរបស់ខ្លួនមិនឱ្យបេសកជនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ម្នាក់ចូលជួបអតីតមេដឹកនាំ គឺអ្នកស្រី Aung San Suu Kyi ដែលត្រូវបានឃុំខ្លួន ដែលជាការប្រឆាំងនឹងសម្ពាធអន្តរជាតិខ្លាំងឡើងៗដើម្បីឱ្យរបបនេះអនុវត្តតាមផែនការសន្តិភាពក្នុងតំបន់ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
នាយឧត្តមសេនីយ៍រងលោក Soe Win មេដឹកនាំលំដាប់ថ្នាក់ទី២ របស់របបយោធាដែលដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Suu Kyi កាលពីខែកុម្ភៈបាននិយាយថា ការអនុញ្ញាតឱ្យជនបរទេសចូលជួបអ្នកដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋ គឺជាការបំពានលើច្បាប់ក្នុងស្រុក។លោកនិយាយថា «ខ្ញុំជឿថា គ្មានប្រទេសណា អនុញ្ញាតឱ្យនរណាម្នាក់បំពានច្បាប់ដែលមានស្រាប់បែបនេះទេ»។ លោកថ្លែងដូច្នេះក្នុងសុន្ទរកថាផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ការលើកឡើងរបស់លោកធ្វើឡើងក្រោយកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីតាមអនឡាញកាលពីសប្តាហ៍មុនដែលរៀបចំដោយអាស៊ាន ដែលប្រទេសមីយ៉ាន់ម៉ាមិនបានចូលរួមដើម្បីប្រឆាំងនឹងការមិនឱ្យលោក Min Aung Hlaing ចូលរួម ព្រោះលោកមិនគោរពកិច្ចព្រមព្រៀងសន្តិភាព។ប្រទេសមីយ៉ាន់ម៉ាថា វាជាការរំលោភលើក្រមសីលធម៌នៃការឯកភាពរបស់អាស៊ាន និងការមិនជ្រៀតជ្រែក ហើយប្រទេសនេះ មិនបញ្ជូនអ្នកតំណាងថ្នាក់ក្រោមមកចូលរួម។ លោក Soe Win បានច្រានចោលការចោទដែលថា ប្រទេសលោក មិនគោរពតាមកិច្ចព្រមព្រៀងនោះ ហើយបាននិយាយថា កិច្ចព្រមព្រៀងនៅខែមេសាជាមួយអាស៊ានជាប់ពាក់ព័ន្ធនឹង«កិច្ចការផ្ទៃក្នុងបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា» ហើយទស្សនកិច្ចរបស់បេសកជន «ផ្អែកលើស្ថិរភាពផ្ទៃក្នុង»។
ការបដិសេធរបស់លោក Soe Win ត្រូវបានថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញរបស់ សវនករអាស៊ានកាលពីថ្ងៃអង្គារ។ លោកបាននិយាយថា ការបញ្ជាលើប្រទេសមីយ៉ាន់ម៉ានៅឯកិច្ចប្រជុំកំពូលអាស៊ានកាលពីសប្តាហ៍មុន «ត្រូវបានគេសង្ស័យថា បំពានលើរូបភាពសាមគ្គីភាពរបស់អាស៊ាន»។ប្រទេសមីយ៉ាន់ម៉ា បានជាប់គាំងដោយការតវ៉ា កូដកម្ម និងអំពើហិង្សា តាំងពីមានរដ្ឋប្រហារ ហើយរបបយោធា តស៊ូគ្រប់គ្រង ហើយប្រឈមនឹងការតស៊ូប្រដាប់អាវុធពីកងជីវពល និងក្រុមបះបោរជនជាតិភាគតិចដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស្រមោលដែលរបបយោធាហៅថា «ភេរវករ»។ ជនស៊ីវិលជាង ១,២០០ នាក់ ត្រូវបានកម្លាំងសន្តិសុខសម្លាប់។ នេះ បើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់ដែលអង្គការសហប្រជាជាតិ បានដកស្រង់។ របបយោធា បានចោទប្រកាន់ថា ក្រុមឃ្លាំមើលនេះលម្អៀង៕