ក្រុមសង្គមងងឹតនៅប្រទេសចិនត្រូវបានចាប់ខ្លួន ក្រោយបង្កព្យុះភ្លៀងនៃភាពអាណាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំ
(ចិន)៖ អង្គភាពនគរបាលនៃខេត្ត ហៃណាន ប្រទេសចិន បានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ដើម្បីជូនដំណឹង អំពីការស៊ើបអង្កេតករណី ដែលពាក់ព័ន្ធនឹងការចាប់ខ្លួនក្រុមសង្គមងងឹតក្នុងទីក្រុងសានយ៉ា មានដូចជា លោក Yang Jia wu និងបក្សពួកជាដើម។ក្នុងនោះក្រុមសង្គមងងឹតក្នុងទីក្រុងសាន យ៉ា (San ya) ខេត្តហៃណាន(Hai Nan)ប្រទេសចិនចំនួន ៩៥ នាក់ត្រូវបានចាប់ខ្លួន ដែលពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនសរុបជាទឹកប្រាក់ប្រមាណ១ពាន់លានយ័ន។
ក្រុមស៊ើបអង្កេត បានបើកប្រតិបត្តិការចំនួន៧ជុំ និងបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៩៥ នាក់ ដោយក្នុងនោះរួមមាន Yang Jia wu ជាដើម ដែលពួកគេពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មចំនួន ៦១ ករណី ហើយត្រូវចោទប្រកាន់ពីបទល្មើសចំនួន១៥ រួមមាន ការរៀបចំនិងដឹកនាំក្រុមសង្គមងងឹត ការប្រមូលផ្តុំហ្វូងមនុស្សសម្រាប់ការប្រយុទ្ធគ្នា ការជំរិតយកទ្រព្យសម្បត្តិជាដើម ដែលពាក់ព័ន្ធនឹងករណីទាំងអស់នេះ គិតជាទឹកប្រាក់សរុបលើសពី ១ពាន់លានយ័ន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ ខែតុលាឆ្នាំ ក្រុមការងារស៊ើបអង្កេត បានចាត់វិធានការព្រហ្មទណ្ឌប្រឆាំងនឹង Yang Shi yun និង ប្តីប្រពន្ធ Chen Sun mei។ ហើយក្នុងដំណើរករណីនេះទាំងមូលបានបង្កកគណនីធនាគារផ្ទាល់ខ្លួនចំនួន ៩១៨ ដែលសរុបជាទឹកប្រាក់ដែលត្រូវបានបង្កកមានចំនួនជាង ១៩លានយ័ន និងរឹបអូសរថយន្ត ចំនួន២៥ គ្រឿង ផ្ទះចំនួន៣០ និង ដីចំនួន២កន្លែង។គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសារត្រកូល Yang រស់នៅក្នុងទីប្រជុំជន Lin wangនៃទីក្រុង សានយ៉ា តាំងពីយូរមកហើយ។ ហើយអ្នកជំនាន់មុននៃក្រុមគ្រួសារនេះគឺលោក Yang Shi yun ចាប់តាំងពីឆ្នាំ២០០០មក បានកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗនៅក្នុងទីក្រុង សានយ៉ា អស់រយៈពេលជាយូរ ៕PP