ប្រេស៊ីល ៖មេដឹកនាំពិភពលោកជាង ១០០នាក់ បានសន្យាថានឹងបញ្ឈប់ និងប្រឆាំង ការកាប់បំផ្លាញព្រៃឈើ និ ងការរិចរិលដីនៅចុងបញ្ចប់នៃទសវត្សរ៍នេះ ដោយគាំទ្រដោយមូលនិធិសាធារណៈ និងឯកជនចំនួន ១៩ ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការការពារ និងស្ដារព្រៃឈើ។នេះបើតាមសារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP26 នៅទីក្រុង Glasgow ត្រូវបានគាំទ្រដោយមេដឹកនាំនៃប្រទេសនានា រួមមានប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានចំនួនសរុប ៨៥ ភាគរយនៃព្រៃឈើពិភពលោក។សេចក្តីប្រកាសរបស់មេដឹកនាំ Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដីនឹងគ្របដណ្តប់ព្រៃឈើសរុបជាង ៣៣,៦លានគីឡូម៉ែត្រការ៉េ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសក្នុងនាមមេដឹកនាំ។

មេដឹកនាំអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា “យើងនឹងមានឱកាសបញ្ចប់ប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់មនុស្សជាតិក្នុងនាមជាអ្នកសញ្ជ័យធម្មជាតិ ហើយជំនួសមកវិញឱ្យក្លាយជាអ្នកថែរក្សារបស់វា” ដោយហៅវាថាជាកិច្ចព្រមព្រៀង ដែលមិនធ្លាប់មានពីមុនមក។

ក្នុងនោះមេដឹកនាំ នៃប្រទេសជាច្រើន បានអះអាងថា ពួកគេនឹងចុះហត្ថលេខាង លើកិច្ចសន្យានេះ ដោយមានទាំង កាណាដា ប្រេស៊ីល រុស្ស៊ី និងឥណ្ឌូនេស៊ី។ ប្រទេសទាំងនេះ បានគ្របដណ្ដប់ចំនួន៨៥ភាគរយ នៃព្រៃឈើរបស់ពិភពលោក។ មូលនិធិមួយចំនួន នឹងត្រូវផ្ដល់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដើម្បីស្ដារឡើងវិញនូវផ្ទៃដី ដែលរងការខូចខាត ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងគាំទ្រដល់សហគមន៍ជនជាតិភាគតិច។

ជាមួយគ្នានេះ រដ្ឋាភិបាល នៃប្រទេសចំនួន២៨ ក៏នឹងប្តេជ្ញាដកការកាប់បំផ្លាញព្រៃឈើ ចេញពីការធ្វើពាណិជ្ជកម្មចំណីអាហារ និងផលិតផលកសិកម្មផ្សេងៗទៀតរបស់ពិភពលោក ដូចជាចម្ការដូងប្រេង ចម្ការសណ្តែកសៀង និងកាកាវជាដើមព្រោះថាឧស្សាហកម្មទាំងនេះ ជំរុញឱ្យមានការបាត់បង់ព្រៃឈើ ដោយសារការកាប់ដើមឈើ ដើម្បីធ្វើកន្លែង សម្រាប់ចិញ្ចឹមសត្វពាហនៈ ឬដំណាំដាំដុះ។ចំណែកក្រុមហ៊ុនធំៗជាង៣០របស់ពិភពលោក នឹងអនុម័តបញ្ចប់នូវការវិនិយោគ នៅក្នុងសកម្មភាពនានា ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ