SHANGHAI៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានផ្សាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនបានអនុម័តច្បាប់អប់រំមួយដែលព្យាយាមកាត់បន្ថយ “សម្ពាធទ្វេគុណ (twin pressures)” នៃកិច្ចការផ្ទះ និងការបង្រៀនក្រៅម៉ោង នៅក្នុងមុខវិជ្ជាស្នូល។ទីក្រុងប៉េកាំងបានអនុវត្តច្បាប់នេះអោយមានភាពរឹងមាំជាងនេះនៅឆ្នាំនេះ ពីការបំបាត់ការញៀនរបស់ក្មេងៗទៅហ្គេមអនឡាញ និងដើម្បីជាការរារាំងការងប់ងុលលើប្រព័ន្ធអ៊ីនធឺណេតរបស់ក្មេង។
សភាចិនបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងពិចារណាលើច្បាប់ដាក់ទណ្ឌកម្មលើឪពុកម្តាយ ប្រសិនបើកូនតូចរបស់ពួកគេបង្ហាញពីអាកប្បកិរិយាអាក្រក់ ឬប្រព្រឹត្តអ្វីដែលទាក់ទងនឹងឧក្រិដ្ឋកម្ម។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងអប់រំបានកំណត់ម៉ោងសម្រាប់សិស្សមិនទាន់គ្រប់អាយុ ដោយអនុញ្ញាតឱ្យពួកគេលេងតាមអ៊ីនធឺណេតរយៈពេល ១ម៉ោង នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែប៉ុណ្ណោះ។
គួររំលឹកថា គេក៏បានកាត់បន្ថយការធ្វើលំហាត់និងហាមឃាត់ការបង្រៀនបន្ទាប់ពីផុតម៉ោងរៀន សម្រាប់មុខវិជ្ជាសំខាន់ៗនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាកផងដែរ ដោយព្រួយបារម្ភអំពីបន្ទុកការសិក្សាយ៉ាងធ្ងន់ធ្ងរលើកុមារដែលលើសលប់ខ្លាំង។ NR