នៅស្ងៀមមិនបានទេ នាយករដ្ឋមន្រ្តីថៃ បញ្ជាឱ្យកំណត់តម្លៃប្រេងម៉ាស៊ូតឱ្យមកនៅត្រឹម ៣០ បាតក្នុងមួយលីត្រ
(ថៃ)៖ នាយករដ្ឋមន្រ្តីថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធទី ២០ ខែតុលា ថារដ្ឋាភិបាលនឹងគ្រប់គ្រងតម្លៃប្រេងម៉ាស៊ូតដល់ក្នុងតម្លៃ ៣០បាតក្នុងមួយលីត្រ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានឡើងថ្លៃនាពេលថ្មីៗនេះនិងប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសប្រតិបត្តិករដឹកជញ្ជូនទំនិញ។នេះបើយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
លោក ប្រាយុទ្ធថា «យើងមានប្រភេទប្រេងម៉ាស៊ូតជាច្រើនប្រភេទដែលមានលក់នៅលើទីផ្សារដូចជា B7, B10 and B20 ។ ប្រភេទទាំងនោះ ត្រូវបានលក់ក្នុងតម្លៃខុសៗគ្នាដោយសារគ្រឿងផ្សំពីធាតុផ្សេងៗគ្នា។ ប្រសិនបើយើងប្រើប្រាក់ពីមូលនិធិប្រេងឥន្ធនៈដើម្បីឧបត្ថម្ភធនប្រេងឥន្ធនៈជាក់លាក់មួយ នោះតម្លៃនៃប្រភេទផ្សេងទៀតនឹងកើនឡើងដោយស្វ័យប្រវត្តិ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការរក្សាតម្លៃប្រេងម៉ាស៊ូតឱ្យនៅក្នុងតម្លៃ ៣០ បាតក្នុងមួយលីត្រជាមុនសិន ដើម្បីកំណត់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់យានយន្ត»។
នាយករដ្ឋមន្រ្តីថៃឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបន្ថែមថា «ចំពោះតម្រូវការរបស់ប្រតិបត្តិកររថយន្តដឹកទំនិញដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតមកត្រឹម ២៥ បាតក្នុងមួយលីត្រ សំណើនេះនឹងត្រូវការការសិក្សាបន្ថែមអំពីថ្លៃដើម»។ បច្ចុប្បន្នការប្រើប្រាស់ប្រេងឥន្ធនៈក្នុងប្រទេសកំពុងកើនឡើងយ៉ាងឆាប់រហ័សដោយសារការពង្រីកសេដ្ឋកិច្ចនិងការសាងសង់ផ្លូវថ្មីដែលធ្វើឱ្យបញ្ហាតម្លៃប្រេងកាន់តែស្មុគស្មាញ»។
នៅពេលសួរថាហេតុអ្វីបានជាតម្លៃប្រេងឥន្ធនៈនៅប្រទេសថៃឡើងថ្លៃខ្លាំងនៅពេលដែលថៃអាចផលិតប្រេងប្រភេទខ្លះ លោកប្រាយុទ្ធបានឆ្លើយតបថា « ប្រេងដែលផលិតក្នុងស្រុក គឺឆ្លើយតបបានតែ ២០ ភាគរយនៃការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។ លើសពីនេះប្រេងមួយចំនួនដែលយើងផលិតមានគុណភាពទាបដែលយើងលក់ទៅឱ្យប្រទេសផ្សេងទៀត ដើម្បីរកចំណូលបន្ថែម»៕