សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ទោះចាប់បានអ្នកទោសទាំង ៧នាក់មកវិញ ក៏ដំណើរការអធិការកិច្ចចំពោះបញ្ហាដែលធ្វើឲ្យទណ្ឌិតរួចពីពន្ធនាគារ គឺកំពុងដំណើរការនៅឡើយ
(ភ្នំពេញ)៖ ប្រតិបត្តិការចាប់ខ្លួនទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង រយៈពេលជាង ១សប្តាហ៍មកនេះ នៅពេលនេះសម្រេចបានជោគជ័យ ពោលគឺអ្នកទោសទាំង ៧នាក់ ត្រូវបានចាប់មកវិញអស់ហើយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ បានលើកឡើងថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ»។
ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជាថ្មីថា ដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។
សម្តេចក្រឡាហោមបានបន្ថែមទៀតថា៖ «លទ្ធផលជោគជ័យនៃប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបាន គឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ»។
គួរបញ្ជាក់ថា កាលពីម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោស ៧នាក់ ជាប់ចោទពីបទជួញដូរគ្រឿងញៀន និងបទល្មើសក្នុងអំពើចោរកម្មមានស្ថានទម្ងន់ទោស បានប្រើប្រាស់វត្ថុរឹង ចប ត្រសេះ ដុំឈើ និងភួយ យកមកធ្វើជាឧបករណ៍ វាយទម្លុះរបងថ្មគុករត់គេចខ្លួន ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ភ្លាមៗ សមត្ថកិច្ចបានបើកប្រតិបត្តិការតាមចាប់ខ្លួន និងចាប់បានជាបន្តបន្ទាប់រហូតគ្រប់ចំនួន ៧នាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ