(រុស្ស៊ី)៖ក្រសួងការបរទេសរុស្ស៊ីបានសរសេរកំណត់ទូតមួយ ផ្ញើទៅកាន់បេសកកម្មការទូតអាមេរិក ប្រចាំនៅទីក្រុងម៉ូស្គូ ដោយស្នើសុំឱ្យដកអភ័យឯកសិទ្ធិការទូត ពីជនសង្ស័យទាំងបីនាក់ខាងលើ ដើម្បីឱ្យពួកគេអាចត្រូវបាន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្រសួងបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើស្ថានទូតអាមេរិក បដិសេធចំពោះសំណើនេះ ជនសង្ស័យទាំងអស់ដែលរុស្ស៊ីកំពុងទាមទារចាប់ខ្លួននោះ ត្រូវតែចាកចេញពីទឹកដីរុស្ស៊ីជាបន្ទាន់។

ការសរសេរកំណត់ទូតរបស់ក្រសួងការបរទេសរុស្ស៊ីនាពេលនេះគឺបន្ទាប់ពីរុស្សីរកឃើញថា  បុគ្គលិកស្ថានទូតអាមេរិក ៣នាក់ ត្រូវបានចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិពីពលរដ្ឋរុស្ស៊ីម្នាក់ ហើយពេលនេះការចាត់វិធានការតាមផ្លូវច្បាប់ កំពុងតែប្រព្រឹត្តទៅហើយ។ នេះបើតាមការការចេញផ្សាយដោយសារព័ត៌មាន TASS ដោយដកស្រង់ប្រភពចេញពីក្រសួងការបរទេសរុស្ស៊ី នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ពុំទាន់មានប្រភពណាមួយអាចបង្ហើប អំពីអត្តសញ្ញាណនៃជនសង្ស័យ និងជនរងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិ ដូចក្រសួងការបរទេសរុស្ស៊ីបានលើកឡើងនោះទេ។ ដោយឡែក សម្រាប់ស្ថានទូតសហរដ្ឋអាមេរិកវិញ ក៏មិនទាន់ធ្វើការបកស្រាយអ្វីជុំវិញករណីនេះដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ