(អ៊ីរ៉ាក់) ៖ការរាប់សន្លឹកឆ្នោតកំពុងបន្តធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃចន្ទនេះ បន្ទាប់ពីពលរដ្ឋដែលចេញមកបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញមានចំនួនទាបបំផុតមិនដែលមានពីមុនមក ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីអ្វីដែលពលរដ្ឋអ៊ីរ៉ាក់ជាច្រើនបាននិយាយថា ជាការបាត់បង់ជំនឿលើដំណើរការប្រជាធិបតេយ្យនិងអ្នកនយោបាយរបស់ប្រទេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសអ៊ីរ៉ាក់បានបញ្ជាក់ថា មនុស្សដែលចេញមកបោះឆ្នោតកាលពីថ្ងៃអាទិត្យមានចំនួន ៤១%។ ចំនួនមនុស្សដែលចេញមកបោះឆ្នោតទាបបំផុតគឺនៅក្នុងទីក្រុងបាកដាដ ដោយមានពីរវាង ៣១% ទៅ ៣៤%។
ការបោះឆ្នោតនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការតវ៉ាទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩។ នៅក្នុងការតវ៉ានោះ អ្នកតវ៉ាបានទាមទារឲ្យមានការងារ សេវាកម្ម និងការដកគណបក្សកាន់អំណាចចេញពីតំណែងនិងសើរើទាំងស្រុងនូវប្រព័ន្ធនយោបាយ។ នៅពេលនោះ កងកម្លាំងសន្តិសុខនិងកងជីវពលបានបង្ក្រាបយ៉ាងសាហាវលើការតវ៉ានេះដោយបានសម្លាប់អ្នកតវ៉ារាប់រយនាក់។
ប្រទេសអ៊ីរ៉ាក់បានរៀបចំការបោះឆ្នោតសភាចំនួន ៥ លើករួចមកហើយ ចាប់តាំងពីការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ដែលបានផ្តួលរំលំមេដឹកនាំផ្តាច់ការលោក Sadam Hussein មក។
ក៏ប៉ុន្តែ ពលរដ្ឋអ៊ីរ៉ាក់សាមញ្ញភាគច្រើននិយាយថា ជីវភាពរស់នៅរបស់ពួកគេមិនមានភាពប្រសើរឡើងនោះទេសូម្បីតែក្នុងអំឡុងពេលដែលមានសន្តិភាពតាំងពីក្រុមជ្រុលនិយមរដ្ឋឥស្លាមបានដួលរលំកាលពីឆ្នាំ ២០១៧ មកក៏ដោយ។ លទ្ធផលបឋមនៃការបោះឆ្នោតនេះត្រូវគេរំពឹងថានឹងដឹងនៅថ្ងៃចន្ទនេះ៕