មេយោធាអាមេរិកថា សង្គ្រាមនៅអាហ្វហ្គានីស្ថានជា «បរាជ័យផ្នែកយុទ្ធសាស្ត្រ» ប៉ុន្តែជា «ជោគជ័យផ្នែកផែនការ»
(អាមេរិក)៖នៅក្នុងសវនាការរបស់គណៈកម្មាធិការកិច្ចការការពារជាតិនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកស្ដីពីការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន មន្រ្តីយោធាកំពូលបំផុតរបស់សហរដ្ឋអាមេរិកបានទទួលស្គាល់ថា សង្រ្គាមនេះគឺជា «បរាជ័យផ្នែកយុទ្ធសាស្ត្រ» ប៉ុន្តែជា «ជោគជ័យផ្នែកផែនការ»។
លោកនាយឧត្តមសេនីយ៍ Mark Milley ដែលជានាយសេនាធិការកងទ័ពចម្រុះនិងជាមន្រ្តីយោធាកំពូលបំផុតរបស់សហរដ្ឋអាមេរិក បានថ្លែងដូច្នេះ អំពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលនៅពេលនោះមានការជម្លៀសមនុស្ស ១២៤.០០០ នាក់ ដែលរួមមានទាំងពលរដ្ឋអាមេរិកប្រហែល ៦.០០០ នាក់ផងដែរចេញពីអាហ្វហ្គានីស្ថាន។
លោក Milley បានបញ្ជាក់ថា៖ «លទ្ធផលក្នុងសង្រ្គាមដូចនេះគឺជាលទ្ធផលបរាជ័យផ្នែកយុទ្ធសាស្ត្រ ដោយសារតែសត្រូវបានកាន់កាប់រដ្ឋធានីកាប៊ុល។ គ្មានអ្វីផ្សេងដើម្បីពណ៌នាអំពីលទ្ធផលនេះទេ។លទ្ធផលនេះគឺជាផលវិបាកនៃភាពបរាជ័យបញ្ចូលគ្នា ២០ ឆ្នាំ មិនមែន ២០ ថ្ងៃនោះឡើយ»។នៅពេលដែលជជីកសួរអំពីថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចអនុវត្តវិធីផ្សេងដើម្បីការពារកុំឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិកដួលរលំនិងអាចបញ្ឈប់ការឡើងកាន់អំណាចរបស់ក្រុមតាលីបង់ (Taliban) បានឬក៏យ៉ាងណានោះ លោក Milley បានឆ្លើយថា៖ «ប្រសិនបើយើងទុកទីប្រឹក្សានៅទីនោះ និងចេះតែបន្តបញ្ជូនថវិកាទៅជួយជាដើម យើងប្រហែលជាអាចជួយទ្រទ្រង់ពួកគេ [រដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងកម្លាំងអាហ្វហ្គានីស្ថាន] រយៈពេលយូរឬគ្មានទីបញ្ចប់បាន»។
លោកបានបន្ថែមថា៖ «ប៉ុន្តែយើងអាចសួរ ថាតើយើងអាចនឹងទទួលបានលទ្ធផលខុសពីនេះឬទេនៅចុងបញ្ចប់។ ខ្ញុំគិតថា ស្ថានភាពចុងក្រោយប្រហែលជាដូចគ្នា មិនខ្វល់ថាយើងធ្វើវាពេលណានោះឡើយ»។អ្នកផ្ដល់សក្ខីកម្មម្នាក់ទៀតនៅក្នុងសវនាការនោះគឺលោកនាយឧត្តមសេនីយ៍ Kenneth McKenzie ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្តាល។លោក McKenzie បាននិយាយថា កិច្ចព្រមព្រៀងទីក្រុងដូហាឆ្នាំ ២០២០ ដែលត្រួសត្រាយផ្លូវឲ្យសហរដ្ឋអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន «មានផលប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង» លើកងកម្លាំងអាហ្វហ្គានីស្ថានហើយវាប្រហែលជាកត្តាដែលធ្វើឲ្យពួកគេដួលរលំលឿនដូច្នេះ។
លោក McKenzie បញ្ជាក់ដូច្នេះថា៖ «ក្រុមតាលីបង់មានកម្លាំងចិត្តដោយបានឃើញអ្វីដែលបានកើតឡើងនៅទីក្រុងដូហានិងអ្វីដែលបានកើតឡើងជាបន្តហើយនឹងការសម្រេចចិត្តកំណត់ថ្ងៃចាកចេញរបស់យើង។ ខ្ញុំគិតថា ស្មារតីនិងទឹកចិត្តជនជាតិអាហ្វហ្គានីស្ថានបានចុះខ្សោយយ៉ាងខ្លាំងដោយសារតែហេតុផលទាំងនេះ»៕