(ញូដេលី)៖  ក្រុមកសិករនៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមចលនាបាតុកម្មសាជាថ្មី ប្រឆាំងនឹងច្បាប់ថ្មីៗរបស់រដ្ឋាភិបាល ដែលពួកគេអះអាងថា នឹងបំផ្លាញដល់ជីវភាពរស់នៅសព្វថ្ងៃរបស់កសិករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

បាតុកម្មត្រូវបានធ្វើឡើង នៅតាមបណ្តារដ្ឋផ្សេងៗ ដូចជារដ្ឋ Bihar នៅភាគខាងកើត, រដ្ឋ Karnataka និងរដ្ឋ Kerala នៅភាគខាងត្បូង, រដ្ឋ Punjab និងរដ្ឋ Haryana នៅភាគខាងជើង ព្រមទាំងនៅជាយរដ្ឋធានីញូដេលី ផងដែរ។ ប៉ូលិសឥណ្ឌាបានឲ្យដឹងថា បាតុករខ្ទង់៥០០នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែបានអះអាងថា សកម្មភាពតវ៉ាភាគច្រើនប្រព្រឹត្តទៅដោយសន្តិវិធី។

សម្ព័ន្ធសហភាពកសិករឥណ្ឌា United Farmers' Front បានអំពាវនាវឲ្យហាងលក់ដូរ ក្រុមហ៊ុន រោងចក្រ និងគ្រឹះស្ថានដទៃៗទៀត នៅទូទាំងប្រទេស លើកលែងតែសេវាកម្មចាំបាច់បន្ទាន់ៗ ផ្អាកប្រតិបត្តិការដើម្បីចូលរួមសកម្មភាពកូដកម្ម ដែលមានរយៈពេល១០ម៉ោង។

សូមបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា បានប្រកាន់ជំហរការពារ ច្បាប់កំណែទម្រង់វិស័យកសិកម្មថ្មីរបស់ខ្លួនថា វាចាំបាច់ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម ហើយនឹងជួយបង្កើនផលិតកម្ម តាមរយៈការវិនិយោគពីវិស័យឯកជន។ ក៏ប៉ុន្តែខាងកសិករឥណ្ឌា បាននិយាយថា ច្បាប់ថ្មីៗទាំងនេះ នឹងប៉ះពាល់ជាខ្លាំងដល់ចំណូលរបស់ពួកគេ តាមរយៈការបិទបញ្ចប់តម្លៃដែលត្រូវបានធានា ហើយបង្ខំឲ្យពួកគេត្រូវលក់កសិផលទៅកាន់ក្រុមហ៊ុនឯកជន ក្នុងតម្លៃថោក៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ