ចិនក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាណាដាអស់រយៈពេលជិត ៣ ឆ្នាំ
ចិន៖ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ បានមកដល់ទីក្រុង Shenzhen ប្រទេសចិន កាលពីយប់ថ្ងៃសៅរិ៍តាមជើងហោះហើរដែលរៀបចំឡើងដោយរដ្ឋាភិបាលចិន បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាណាដាអស់រយៈពេលជិត ៣ ឆ្នាំ។នេះបើតាមការចុះផ្សាយដោយAFP។
លោកស្រី ម៉េង វ៉ាន់ចូវ បានមកដល់ប្រទេសចិន នៅម៉ោងប្រហែល១០យប់ម៉ោងក្នុងតំបន់ ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Shenzhen ប្រទេសចិន។ក្នុងសម្លៀកបំពាក់ពណ៌ក្រហមគ្រវីដៃស្វាគមន៍ហ្វូងមនុស្សដែលរង់ចាំលោកស្រី បន្ទាប់ពីលោកបានដើរចេញពីកាប៊ីនដើរចុះពីកាំជណ្តើរការទះដៃ និង ការអបអរសាទរបានផ្ទុះឡើងពីហ្វូងមនុស្សដែលលើកបដាដែលសរសេរថា “ សូមស្វាគមន៍មកកាន់គេហដ្ឋានលោកស្រីម៉េង វ៉ាន់ចូវ” ។
ថ្លែងទាំងសម្តីអួលដើមក លោកស្រី ម៉េង វ៉ាន់ចូវ បានអះអាងថា “ បន្ទាប់ពីជួបទុក្ខលំបាកជាង ១០០០ ថ្ងៃទីបំផុត ខ្ញុំបានត្រលប់មកឱបក្រសោបមាតុភូមិវិញហើយ” ។លោកស្រី បានបន្តទៀតថា“ ក្នុងនាមជាពលរដ្ឋចិនធម្មតាម្នាក់ដែលបានជួបទុក្ខលំបាកពីការជាប់នៅក្រៅប្រទេសអស់រយៈពេលជិត ៣ ឆ្នាំមកហើយនោះ មិនដែលមានពេលណាមួយដែលខ្ញុំមិនមានអារម្មណ៍ខ្វល់ខ្វាយនិងភាពកក់ក្តៅពីមាតុភូមិ និងប្រជាជនឡើយ” ។
លោកស្រីថ្លែងថា "លោកប្រធានាធិបតីស៊ី ជីនពីង ខ្វល់ខ្វាយអំពីសុវត្ថិភាពរបស់ពលរដ្ឋចិនម្នាក់ៗរួមទាំងខ្ញុំផងដែរហើយខ្ញុំបានគិតអំពីបញ្ហានេះ។ ខ្ញុំក៏សូមអរគុណដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាពលរដ្ឋចិន"។
គួរបញ្ជាក់ថា លោកស្រី ម៉េង វ៉ាន់ចូវ ជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Huawei ផងនោះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៨ នៅពេលដែលលោកស្រីធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដា។
លោកស្រីវ៉ាន់ចូវ ត្រូវបានក្រុងវ៉ាស៊ីនតោនចោទថា បានលួចលាក់រំលោភវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ តាមរយៈក្រុមហ៊ុនហុងកុងមួយដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ឈ្មោះ Skycom ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។ជាការសងសឹក ចិនបានចាប់ខ្លួនជនជាតិកាណាដា២នាក់ ពីបទចារកម្មដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខចិន៕PP