ភ្នំពេញ ៖ ប្រមុខរាជ រដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ ដែលមានថ្លៃសមរម្យ និងអនុញ្ញាត ឲ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បាន តាមតម្រូវការរបស់ខ្លួន ។
ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពី ជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឲ្យកាន់តែប្រសើរ» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារវ៉ាក់សាំង ជាទំនិញ ដ៏សំខាន់ ក្នុងការជួយសង្គ្រោះ ជីវិតមនុស្ស ហើយកម្ពុជាស្វាគមន៍ នូវការកំណត់គោលដៅ ចាក់វ៉ាក់សាំង ជាពិសេស ការចាក់វ៉ាក់សាំង ឲ្យបានយ៉ាងតិច៧០% នៃប្រជាជនពិភពលោក។
សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីសម្រេចគោលដៅនេះ កម្ពុជា សូមអំពាវនាវឲ្យមាន ការកំណត់វ៉ាក់ សាំងកូវីដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ដ្រគន្លឹះ សកលដោយ គ្មានការរើសអើង ទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង»។
សម្ដេចតេជោ បានបន្ដថា «ព្រមទាំង អំពាវនាវឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និងអនុញ្ញាតឲ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាកសាំងកូវីដ-១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានភាព តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង»។
សម្ដេចតេជោ បានបន្ថែមថា ទន្ទឹមនេះ កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ កុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបាន ទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត