ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះករណីក្មេងស្ទាវ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោក ផន រឹម បានគូសបញ្ជាក់ថា «សូមសមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ ប៉ុន្មានថ្ងៃនេះ មានករណីក្មេងស្ទាវ (ដូចក្នុងរូប) បានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយថតវីដេអូ និងបង្ហោះជាសាធារណៈក្នុងចេតនាលេងសើចខុសទំនង និងជាទង្វើល្មើសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន»។

អ្នកនាំពាក្យ បន្ដថា មិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ សកម្មភាពនេះ អាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតអ្នកដំណើរ និងយានយន្ត ដោយសារបង្គោលនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដំណើរ។

គួរបញ្ជាក់ថា នេះជាបង្គោលសញ្ញានាំផ្លូវ(Guide Post) ដែលប្រើប្រាស់សម្រាប់បង្ហាញ ជូនព័ត៌មានដល់អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើតចំណោត ឬមាត់ជ្រោះ ឬកន្លែងមានឧបសគ្គដូចជា៖ ក្បាលស្ពាន ខឿន លូ ឬសួនច្បារ ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ