(វ៉ាស៊ីនតោន)៖សហ​រដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​កំពុង​រក​ផ្លូវ​ដោះស្រាយ​ការ​រំខាន​ផ្នែក​ការទូតបន្ទាប់ពី​អូស្ត្រាលី​ ចក្រភព​អង់គ្លេស​និង​សហ​រដ្ឋ​អាមេរិក​ធ្វើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​ហៅកាត់ថា ​AUKUS​ដែល​បង្ក​ឱ្យមន្រ្តី​បារាំង​បាន​ពិពណ៌នា​ថា​«វិបត្តិ​នៃ​ការ​ទុក​ចិត្ត»​រវាង​រដ្ឋាភិបាល​ក្រុង​ប៉ារីស​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។​

 កិច្ច​ព្រមព្រៀង​សន្តិសុខ​ថ្មី​នោះ​ អូស្រ្តាលី​នឹង​ធ្វើ​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​យ៉ាង​តិច​៨​គ្រឿង​ប្រើ​បច្ចេក​វិទ្យា​អាមេរិក។​ កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​នៅពេលអូស្ត្រាលី​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ជាមួយ​បារាំង​ធ្វើ​នាវា​មុជទឹក​ប្រើ​ថាមពល​ម៉ាស៊ូត-អគ្គិសនី​ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉ារីស​ខឹងសម្បា។​ បារាំង​បាន​កោះហៅ​ឯក​អគ្គ​រដ្ឋទូត​របស់​ខ្លួន​ទៅ​អាមេរិក​និង​អូស្ត្រាលី។

អ្នក​ជំនាញ​ខ្លះ​បាន​និយាយ​ថា​ ខណៈមន្រ្តី​អឺរ៉ុប​បាន​ទទួល​ស្គាល់​ថា ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​អូស្ត្រាលី​ ចក្រភព​អង់គ្លេស​និង​សហ​រដ្ឋ​អាមេរិក​(AUKUS) ​ត្រូវ​បាន​ប្រកាស​ជា​ចម្បង​ដោយ​ផ្តោត​លើ​ប្រទេស​ចិន​នោះ​ ផ្នែកមួយ​នៃ​ប្រតិកម្ម​របស់​បារាំង​ត្រូវ​បាន​ជំរុញ​ដោយ​ការវាយ​តម្លៃ​នយោបាយ​ក្នុង​ស្រុក​ ព្រោះ​ប្រទេស​បារាំង​មាន​ឧស្សាហ​កម្ម​ផ្នែក​ការពារ​ជាតិ​ដែល​មាន​ទំហំធំ​ ហើយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​Emmanuel Macron ​ត្រូវ​បង្ហាញ​ថា​ ខ្លួន​កំពុង​ប្រយុទ្ធ​ដើម្បី​ឧស្សាហកម្ម​នេះ។​

កាលពី​ថ្ងៃពុធ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken​ បាន​ជួប​ជាមួយ​ប្រធាន​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​លោក ​Josep Borrell ​នៅ​ក្រៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​ថា​« លោក​រដ្ឋមន្ត្រី​បាន​ទទួល​ស្វាគមន៍ការ​ចេញ​ផ្សាយ​យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នាពេលថ្មីៗ​នេះ​និង​បាន​បញ្ជាក់​ម្តង​ទៀតពី​បំណង​របស់​សហ​រដ្ឋ​អាមេរិក​ធ្វើការ​យ៉ាងជិត​ស្និទ្ធជា​មួយ​សហភាពអឺ​រ៉ុប​និង​ដៃគូ​ដទៃ​ទៀត​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ»។ ​

កិច្ច​ប្រជុំនេះ​បាន​ធ្វើ​ឡើង​ក្រោយពី​ការ​និយាយ​តាម​ទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី​ Joe Biden ​និង​លោក ​ប្រធានាធិបតី​Macron ​ដែល​មេ​ដឹកនាំ​ទាំងពីរ​បាន​សម្រេច​ចិត្ត​«បើក​ដំណើរការ​ការ​ពិគ្រោះ​យោបល់​ស៊ី​ជម្រៅ»​ ដើម្បី​ធានា​ឱ្យ​មាន​«ទំនុកចិត្ត»។​

លោក ​Macron ​បាន​សម្រេច​ថា​ ឯក​អគ្គរដ្ឋទូត​បារាំង​នឹង​ត្រឡប់​មក​ទីក្រុង​វ៉ាស៊ីនតោន​វិញ​នៅ​សប្តាហ៍​ក្រោយ។​ លោក​Biden ​បាន​បញ្ជាក់​សារជាថ្មី​នូវ​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​ការ​ចូលរួម​របស់​បារាំង​និង​អឺរ៉ុប​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ