ប្រជាជនអាហ្វហ្គានីស្ថានបានធ្វើបាតុកម្មនៅទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រ ដោយសុំឱ្យមានការបញ្ចេញទ្រព្យសម្បត្តិធនាគារកណ្តាលដែលបានបង្កកនៅសហរដ្ឋអាមេរិក
(អាហ្វហ្គានីស្ថាន)៖ សហរដ្ឋអាមេរិកបានបង្កកប្រាក់ចំនួន ៧ពាន់លានដុល្លាររបស់ប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងញូវយ៉ក និងធនាគារពិភពលោក ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ និងសហភាពអឺរ៉ុបបានផ្អាកការផ្តល់ហិរញ្ញប្បទានដល់គម្រោងនៅប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានវាយលុកចូលទីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហា និងបានដណ្តើមគ្រប់គ្រងប្រទេសនេះ។ ជំនួយបរទេសមកកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីមុនមានចំនួន ៨.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ មន្ត្រីសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់អាហ្វហ្គានីស្ថានបាននិយាយថា បើគ្មានដំណើរការចូលទៅមូលនិធិផ្ទាល់ខ្លួន ឬមូលនិធិបរទេសទេ រដ្ឋាភិបាលបណ្តោះអាសន្ននៅទីក្រុងកាប៊ុលមិនអាចបង់ពន្ធនាំចូលដែលត្រូវការ ដើម្បីយកទូទំនិញអាហារពីប្រទេសប៉ាគីស្ថានបានទេ។
គណៈរដ្ឋមន្ត្រីដែលមានសុទ្ធតែបុរសទាំងអស់ ត្រូវបានតែងតាំងកាលពីសប្តាហ៍មុនរួមមានទាំងរដ្ឋមន្ត្រីជាច្រើនរូប ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងមានមន្ត្រីម្នាក់ដែល FBI ស្វែងរកការចាប់ខ្លួនដែលផ្តល់ប្រាក់រង្វាន់រហូតដល់ ៥លានដុល្លារអាមេរិក។ នៅក្នុងវិធានការជំនួយបន្ទាន់អ្នកសម្របសម្រួលជំនួយ របស់អង្គការសហប្រជាជាតិលោក Martin Griffiths បានបញ្ចេញទឹកប្រាក់ចំនួន ៤៥លានដុល្លារអាមេរិកក្នុងការជួយសង្គ្រោះជីវិត ដល់ប្រទេសអាហ្វហ្គានីស្ថាននៅសប្តាហ៍នេះ ដែលបានមកពីមូលនិធិជំនួយបន្ទាន់របស់ស្ថាប័នពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយថា ប្រព័ន្ធសុខាភិបាលរបស់អាហ្វហ្គានីស្ថានកំពុងឈានដល់ការដួលរលំ ហើយត្រូវការវិធានការបន្ទាន់៕PP