រឿងពិតនៅពីក្រោយខ្នង របស់ពួកសេដ្ឋីអារ៉ាប់ ដែលនិយមយកសត្វព្រៃមកចិញ្ចឹមក្នុងវិមានរបស់ពួកគេ
(បរទេស)៖ តោ ខ្លា ជាសត្វដ៍ពេញនិយមបំផុត ដែលសេដ្ឋីៗអារ៉ាប់ ជ្រើសរើសយកមកចិញ្ចឹមនៅក្នុងវិមានរបស់ពួកគេ។ យោងតាមរបាយការណ៍មួយដែលCNNបានចុះផ្សាយកាលពីថ្ងៃទី 11ខែមករា ឆ្នាំ២០១៧កន្លងទៅបញ្ជាក់ថា អំឡុងឆ្នាំ2009 ដល់ឆ្នាំ2016 ជាឆ្នាំ ដែលអ្នកមានទ្រព្យស្តុកស្តម ឬក្រុមសេដ្ឋីលំដាប់ៗនៅបណ្តាលប្រទេសអារ៉ាបរួម និយមបំផុត និងបែកគំនិតតាមគ្នាក្នុងការទិញយកសត្វព្រៃជាច្រើនប្រភេទយកមកចិញ្ចឹមក្នុងផ្ទះ ឬក្នុងវិមានរបស់ពួកគេ ។
សំនួរសួរថា តើក្រុមសេដ្ឋីទាំងនោះបានសត្វនេះមកពីណា ?
សត្វតោ ឬសត្វខ្លា ជាដើមដែលពួកគេយកមកចិញ្ចឹម ត្រូវបានគេដឹងថា គឺយកចេញមកពីក្នុងព្រៃតាមទីផ្សារងងឹត។ ពួកគេបានយកវាមកចិញ្ចឹមតាំងពីតូច ហើយខ្លះទៀតយកមកបង្កាត់ពូជថែមទៀតផង ។ មានសេចក្តីរាយការណ៍ថា សត្វខ្លាអាចមានតម្លៃ៣ពាន់ដុល្លារ រីងសត្វតោពណ៍សវិញ មួយក្បាលអាចលក់បានប្រហែល៥មឺនដុល្លារក្នុងទីផ្សារងងឹត។
តើការចិញឹមសត្វព្រៃ ឬយកសត្វព្រៃទាំងនៅះ មកទុកក្នុងផ្ទះខុសច្បាប់ដែរឬទេ?
មែនទែនទៅ អ្នកមានស្តុកស្តុម ឬបណ្តុំក្រុមសេដ្ឋីនៅបណ្តាលប្រទេសអារ៉ាបរួម តែងចាត់ទុកសត្វខ្លា និងសត្វតោ ប្រៀបបានជាសមាជិកគ្រួសាររបស់ពួកគេ ។ ការយកមកចិញ្ចឹមក្នុងផ្ទះ ឬវិមានរបស់ពួកគេ គឺដោយសារតែពួកគេស្រលាញ់ ចូលចិត្តនិងឱ្យតម្លៃទៅលើសត្វទាំងនោះ ។ ពេលខ្លះគេបានឃើញសេដ្ឋីៗទាំងនោះ ដឹកខ្លា និងតោ តាមរថយន្តទំនើបៗរបស់ពួកគេដើរលេងពាសពេញមហាវិថីអារ៉ាប់ ហើយពេលខ្លះគេយកសត្វទាំងនោះឡើងផ្សារទំនើបក៏មានដែរ។ បើទោះបីជាការចិញ្ចឹមរបស់ពួកគេកើតចេញពីចិត្តស្រលាញ់ យកចិត្តទុកដាក់ក្នុងការថែរក្សាយ៉ាងណាក៏ដោយ ក៏ក្រោយមក បណ្តាញក្រុមឃ្លាំមើលការជួញដូរសត្វព្រៃនៅសហព័ន្ធអារ៉ាបរូម បានសម្តែងក្តីបារម្ភកាន់តែខ្លាំងជុំវិញ ថាការជួញដូរសត្វព្រៃក្នុងទីផ្សារងងឹត នៅក្នុងបណ្តាលអារ៉ាបរួមកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ហើយវាពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពរស់នៅតាមបែបធម្មជាតិរបស់សត្វទាំងនោះ។
ក្រោយពីមានភាពល្បីល្បាញ និងទទួលបានរបាយការណ៍ជាច្រើនជុំវិញការជួញដូរសត្វព្រៃយកមកចិញ្ចឹមក្នុងផ្ទះ នៅទីបំផុត សហព័ន្ធប្រទេសអារ៉ាបរួម UAE បានអនុម័តរួមគ្នា នៅច្បាប់ហាមឃាត់កម្មសិទ្ធឯកជន និងការធ្វើពាណិជ្ជកម្មសត្វព្រៃ និងសត្វដែលមានគ្រោះថ្នាក់ ។ នៅក្នុងច្បាប់នោះបានចែងថា នឹងផាកពិន័យជាទឹកប្រាក់ប្រមាណ១៣៦.០០០ ដុល្លារ ទៅលើជនណាដែលយកលាក់ សត្វកាចសាហាវ ឬសត្វព្រៃប្រភេទកម្រមកចិញ្ចឹមក្នុងផ្ទះ ។ ក្រៅពីនោះ ពួកគេក៏អាចជាប់ពន្ធនាគាររយៈពេល៦ខែផងដែរ។
លោក Ronel Barcellos អ្នកគ្រប់គ្រងមជ្ឈមណ្ឌលសត្វព្រៃអាប៊ូដាប៊ីបានថ្លែងប្រាប់CNNថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីច្បាប់នេះត្រូវបានអនុម័ត។ ចំណែកលោក Elsayed Mohamed នាយកប្រចាំតំបន់មជ្ឈឹមបូព៌ានៅមូលនិធិអន្តរជាតិសម្រាប់សុខុមាលភាពសត្វ (IFAW) បានប្រាប់ CNN សូម្បីព្រះអង្គម្ចាស់នៃទីក្រុងឌូបៃក៏ធ្លាប់បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយសត្វដែលខ្លួនចិញ្ចឹមដែរ។ តែលោក លោក Elsayed Mohamed បញ្ជាក់បន្ថែមថា លោកពិតជាគាំទ្រ ចំពោះការបង្កើតច្បាប់នេះឡើង។
សំនួរសួរថា ក្រោយពីចេញច្បាប់ ហាមឃាត់កម្មសិទ្ធឯកជន និងការធ្វើពាណិជ្ជកម្មសត្វព្រៃ និងសត្វដែលមានគ្រោះថ្នាក់ តើនៅមានទៀតទេ ចំពោះការយកសត្វព្រៃទាំងនោះមកចិញ្ចឹមក្នុងផ្ទះ?
គិតត្រឹមឆ្នាំ២០២០ របាយការណ៍មួយរបស់មជ្ឈមណ្ឌលសត្វព្រៃអាប៊ូដាប៊ីបានបញ្ជាក់ថា ការយកសត្វព្រៃមកចិញ្ចឹមក្នុងផ្ទះ ពីសំណាក់ក្រុមសេដ្ឋីៗអារ៉ាប់ មានការធ្លាក់ចុះជាង៩០ភាគរយ។ តែយ៉ាងណា ការលួចយកមកចិញ្ចឹមនៅតែមាន ពីសំណាក់ក្រុមអភិជន សេដ្ឋី ឬអ្នកមានអំណាច ដែលនៅកៀកនិងច្បាប់៕PP