លោកណេតាន់យ៉ាហ៊ូ ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រី ១២ឆ្នាំកន្លងមកនេះ នឹងត្រូវបិទបញ្ចប់ឆាកនយោបាយរបស់ខ្លួនហើយ
(អ៊ីស្រាអែល)៖លោកណេតាន់យ៉ាហ៊ូ ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រី ១២ឆ្នាំកន្លងមកនេះ នឹងត្រូវបិទបញ្ចប់ឆាកនយោបាយរបស់ខ្លួនហើយ ដោយសារតែ ក្រុមអ្នកនយោបាយផ្សេងទៀត បានរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ និងមិនសហការជាមួយរូបលោក។នេះបើតាមការចុះផ្សាយដោយBBC។កាលពីថ្ងៃអាទិត្យ ទី១៣មិថុនា សភាអ៊ីស្រាអែល នឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី២នាក់ ផ្លាស់វេនគ្នា ១៨ខែម្នាក់។
រដ្ឋាភិបាលថ្មី នឹងដឹកនាំដោយនាយករដ្ឋមន្ត្រី២នាក់ ផ្លាល់វេនគ្នា គឺលោក Naftali Bennett មកពីគណបក្សស្តាំនិយម Yamina ដែលនឹងដឹកនាំរដ្ឋាភិបាល១៨ខែដំបូង បន្ទាប់មកទៀត គឺលោក Yair Lapid មកពីបក្សកណ្តាលនិយម ដែលនឹងមកធ្វើជានាយករដ្ឋមន្ត្រី១៨ខែបន្ទាប់។
ក្រោយការបោះឆ្នោតនៅខែមីនា អ៊ីស្រាអ៊ែលបានជាប់គាំងនយោបាយ ដោយសារតែគ្មានគណបក្សណាមួយ បានសម្លេងភាគច្រើនក្នុងសភា។ ការចរចានយោបាយ បានចាប់ផ្តើមឡើងយ៉ាងសស្រាក់សស្រាំ ដោយលោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានព្យាយាមអូសទាញគេឯង ឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ តែទីបំផុត លោកណេតាន់យ៉ាហ៊ូ និងគណបក្សលីគូត ត្រូវបានអ្នកនយោបាយផ្សេងៗទៀត បោះបង់ចោល ហើយងាកទៅផ្គុំគ្នាដាច់ដោយឡែក ដើម្បីរារាំង មិនឲ្យលោកណេតាន់យ៉ាហ៊ូ បន្តតំណែងជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា លោកប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ ដែលបច្ចុប្បន្នមានវ័យ ៧១ឆ្នាំ បានកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ១២ឆ្នាំជាប់គ្នា ពោលគឺយូរជាងអ្នកណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋអ៊ីស្រាអែលទំនើប៕PP