ពិភពលោកកំពុងផ្តោតការចាប់អារម្មណ៍យ៉ាងទៅលើ សម្រស់និងភាពឆ្លាតវៃរបស់នារីវ័យក្មេងជាអ្នកបកប្រែឲ្យថ្នាក់ ដឹក នាំជាន់ខ្ពស់ចិន!


នៅក្នុងជំនួបដ៍តានតឹងមួយរវាងមហាអំណាចចិន និងមហាអំណាចអាមេរិក ធ្វើឡើងនៅរដ្ឋអាឡាស្កា ទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ រឿងមួយស្រាប់តែបានកើតឡើង ហើយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងស្ទើរតែគ្រប់បណ្តាញសង្គមនៅលើពិភពលោក សូម្បីសារព័ត៌មាន ឬវេបសាយធំៗមួយចំនួននៅប្រទេសដែលមិនសូវមានភាពចុះសម្រុងគ្នាជាមួយចិន ដូចជាវៀតណាមជាដើមនោះ ក៍បានធ្វើការផ្សព្វផ្សាយ និងចាប់អារម្មណ៍ពីរឿងនេះដែរ។ ចំណងជើងធំៗ ដែលត្រូវបានគេមើលឃើញថាបានចេញផ្សាយព្រមៗគ្នា ក្នុងវេបសាយធំៗ ក្នុងសារព័ត៌មានល្បីៗជុំវិញពិភពលោក គឺសម្រស់ និងភាពវ័យឆ្លាតរបស់ នារីវ័យក្មេង  អ្នកបកប្រែឱ្យថ្នាក់ដឹកនាំកំពូលរបស់ចិន។ 

តាមពិតនារីវ័យក្មេងជាអ្នកបកប្រែដ៏ស្រស់សោភាម្នាក់នេះ មានឈ្មោះថា ចាង ជីង (Zhang Jing) នាងបានលេចមុខដំបូងបំផុតគឺក្នុងគ្រាដែលនាងបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន ដើម្បីចូលរួមកិច្ចប្រជុំពិសេសមួយ ជាមួយភាគីសហរដ្ឋអាមេរិក។ ថ្វីត្បិតតែនេះ ជាលើកដំបូងបំផុតរបស់ Zhang Jing ក្នុងនាមជាអ្នកបកប្រែឱ្យថ្នាក់ដឹកនាំកំពូលៗ តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍បំផុតនោះ គឺទេពកោសល្យក្នុងការបកប្រែ ទឹកមុខ ស្នាមញញឹម រួមទាំងសម្រស់ពីធម្មជាតិរបស់ Zhang Jing។ 

អ្វីដែលគេគ្រប់គ្នានឹកស្មានមិនដល់ថា ក្នុងពេលដែលថ្នាក់ដឹកនាំចិន និងអាមេរិក កំពុងតឹងសសៃករដាក់គ្នា ពេលពិភាក្សារឿងមិនចុះសម្រុងមួយចំនួន   តែបេីក្រឡែកមេីល  Zhang Jing ឯណោះវិញ នាងបានប្រើស្នាមញញឹម បកប្រែភាសាការទូត  យ៉ាងស្ទាត់ជំនាញនូវប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ចិន លោក យ៉ាង ជៀឈី (Yang Jiechi) ដែលជាការវាយប្រហារឆ្លើយតបតទៅភាគីសហរដ្ឋអាមេរិក ។ លោក យ៉ាង ជៀឈី និយាយជាភាសាចិនរយៈពេល ១៥នាទី ខណៈនាងចាង ជីង កត់ត្រាយ៉ាងយកចិត្តទុកដាក់ ហើយបន្ទាប់មកបានបកប្រែជាភាសាអង់គ្លេស ប្រកបដោយភាពស្ទាត់ជំនាញបំផុត ។


ក្រោយពីជំនួបរវាងមហាអំណាចទាំង២បានបញ្ចប់ រូបភាព និងវីដេអូជាច្រើនត្រូវបានផ្សព្វផ្សាយ ។ តែមិនមែនផ្សាយចេញតែលទ្ធផលនៃជំនួបរវាងមហាអំណាចចិនអាមេរិកទេ ក្រោមក្រសែភ្នែកអ្នកទស្សនាជាច្រើន នារីវ័យក្មេងអ្នកបកប្រែម្នាក់នេះឯង ត្រូវបានគេចាប់មុំផ្សាយចេញនិងធ្វើការលើកតម្កើននាងយ៉ាងខ្លាំង។ ក្រោយមកទៀត Zhang Jing ត្រូវបានមហាជនចិនរាប់លាននាក់ ដែលលេងនិយមលេងWeibo Twitter បង្ហោះកោតសរសើរពីទេព្យកោសល្យរបស់នាង ហើយបានចាត់ទុកនាងជាអ្នកបកប្រែវ័យក្មេងដែលមាន ឥទ្ធិពលដំបូងបំផុតក្នុងប្រវត្តិសាស្ត្រចិន។មិនតែប៉ុនណោះនាងក៏ត្រូវប្រជាជនចិន  ប្រដូចសម្រស់របស់នាងទៅនឹងតារាសម្តែងល្បីល្បាញរបស់ចិនឈ្មោះ Zhao Weiទៀតផង។


នៅពីក្រោយភាពប៉ិនប្រសព្វ និងស្ទាត់ជំនាញនេះ នារីស្រស់សោភារូបនេះក៍មានប្រវត្តិមិនធម្មតាផងដែរ មុននឹងក្លាយជាអ្នកបកប្រែឱ្យថ្នាក់ដឹកនាំកំពូលចិន។  នាង ចាង ជីង ជាអ្នកស្រុកមានកំណើតកើតជានៅក្រុងហានចូវ (Hangzhou) នៃខេត្តជេជាំង (Zhejiang) ប្រទេសចិន ។ នាងបញ្ចប់ការសិក្សាពីសាលាភាសាបរទេសនៅឆ្នាំ២០០៣ បន្ទាប់មក រៀនបន្តនៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ដោយយកមុខវិជ្ជាភាសាអង់គ្លេស ។ នាងត្រូវបានក្រសួងការបរទេសចិនជ្រើសរើសឲ្យចូលបម្រើការងារនៅឆ្នាំ២០០៧ ។ឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ នាង ចាង ជីង បានទទួលសញ្ញាបត្រអនុបណ្ឌិតពីការសិក្សានៅចក្រភពអង់គ្លេសតាមរយៈកម្មវិធីអាហារូបករណ៍ ។ ចាប់តាំងពីនោះមក នាងបានបំពេញការងារបកប្រែជាច្រើនជូនថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៅក្នុងសកម្មភាពកិច្ចការបរទេស ។ចាង ជីង ក៍ធ្លាប់បានបកប្រែនៅក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាជិប្រជាជនជាតិ និងក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្នុងអំឡុងឆ្នាំ២០១៣ ដែលនាងត្រូវបានគេស្គាល់ថាមានជំនាញបកប្រែល្អ និងមានកាយវិការប្រកបដោយវិជ្ជាជីវៈ តែពេលនោះគេគ្រប់គ្នាពុំសូវមានការចាប់អារម្មណ៍ប៉ុន្មានទេទៅលើនាង ។

Zhang Jing ក៏ជានិស្សិតម្នាក់ដ៏ឆ្លាតវៃនិងពូកែផងដែរ ដោយទទួលបានពិន្ទុខ្ពស់កាលនាងរៀននៅសាកលវិទ្យាល័យ  ពេលនាងរៀនចប់ ក្រសួងការបរទេសចិនបានជ្រើសរើសអ្នកបកប្រែជាង ២០០នាក់ ជាលើកដំបូងបង្អស់ ហើយក្នុងនោះ ក៏មាននាង ចាង ជីង ម្នាក់ដែរ ។

សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ Zhang Jing មិនទាន់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកណាមួយរបស់ចិន បង្ហាញពីប្រវត្តិស្នេហា ឬបញ្ជាក់ច្បាស់ថា Zhang Jing មានគ្រួសារហើយឬនៅ។ គ្រាន់តែគេដឹងច្បាស់ថា គ្រប់ប្រវត្តិ និងរឿងរ៉ាវផ្ទៃក្នុង របស់បុគ្គលសំខាន់ៗមួយចំនួនត្រូវបានគេព្យាយាមបិទបាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ