ក្រុមជីវពលមីយ៉ាន់ម៉ាផ្អាកការវាយប្រហារទៅលើកងទ័ព ស្របពេលលោកស្រី អ៊ុងសាន ស៊ូជី នៅតែមានទំនុកចិត្តជឿជាក់នៅតុលាការ
មីយ៉ាន់ម៉ា៖ ក្រុមជីវពលនៅរដ្ឋកាយ៉ា ដែលបែកខ្ញែកដោយជម្លោះនៅមីយ៉ាន់ម៉ា បានប្រកាសផ្អាកការវាយប្រហារលើគោលដៅយោធានៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការអំពាវនាវពីសហគមន៍ក្នុងតំបន់ ឱ្យបញ្ឈប់ការប្រយុទ្ធ ដែលបានបំផ្លាញផ្ទះសម្បែង និងមនុស្សជាង ១០០.០០០ នាក់ ដោយបង្ខំអោយផ្លាស់ទីលំនៅ។
ស្របជាមួយគ្នានេះ កម្លាំងការពារជាតិការ៉ែន (ហៅកាត់ KNDF) ដែលជាក្រុមមួយក្នុងចំណោមក្រុមសកម្មប្រយុទ្ធស៊ីវិលធំបំផុត ដែលបានបង្កើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ បាននិយាយថា ខ្លួនក៏បានផ្អាកការវាយលុកជាបណ្តោះអាសន្ន ប៉ុន្តែនៅតែប្រឆាំងនឹងការកាន់កាប់របស់យោធា។
កម្លាំងការពារប្រជាជនដែលមានសម្ព័ន្ធមិត្តជាមួយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរារាំងការប៉ុនប៉ងរបស់យោធាដើម្បីដាក់បទបញ្ជា ប៉ុន្តែសកម្មជនខ្លះនិយាយថា ការប្រើប្រាស់អាវុធធុនធ្ងន់របស់យោធាក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់ពួកគេ បានធ្វើឱ្យជីវិតមនុស្សស្លូតត្រង់មានគ្រោះថ្នាក់។យ៉ាងណាម៉ិញ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់ លោកស្រី អ៊ុងសាន ស៊ូជី ដោយលើកឡើងពីការបដិសេធរបស់ខ្លួនក្នុងការដោះស្រាយនូវអ្វីដែលខ្លួនបាននិយាយថាជាការលួចបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ ដោយឡែក អ្នកសង្កេតការណ៍អន្ដរជាតិបានឆ្លើយតបវិញថា សន្លឹកឆ្នោតគឺមានលក្ខណៈត្រឹមត្រូវ។
ម្យ៉ាងវិញទៀត លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃអង្គារ ជាលើកទី ២ នៃការកាត់ក្តីរបស់លោកស្រី ជុំវិញបទចោទប្រកាន់មួយចំនួន ដែលអ្នកគាំទ្រលោកស្រីនិយាយថា ជារឿងក្លែងក្លាយ និងមានបំណងសម្លាប់អាជីពនយោបាយរបស់លោកស្រីតែប៉ុណ្ណោះ។ដោយឡែក មេធាវីរបស់លោកស្រីបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីដំណើរការតុលាការនៅថ្ងៃអង្គារនេះទេ ប៉ុន្តែបាននិយាយថា លោកស្រីស្ថិតក្នុងស្ថានភាពប្រសើរជាងថ្ងៃដំបូងនៅពេលពួកគេនិយាយថា លោកស្រីហាក់ដូចជាមិនស្រួលខ្លួន។
លោក Min Min Soe សមាជិកក្រុមមេធាវីរបស់លោកស្រី ស៊ូជី បានប្រាប់ថា “លោកស្រីហាក់មានសុខភាពនឹងធឹងជានិច្ច។ លោកស្រីមានសុខភាពល្អ” ។ "យើងទើបតែដឹងថា លោកស្រីឈឺធ្មេញ ពីព្រោះគាត់ប្រាប់យើង បើមិនដូច្នោះទេយើងនឹងមិនដឹងទេ។ លោកស្រីរឹងមាំ និងមានទំនុកចិត្តដូចមុន" ។លោក Min Min Soe បាននិយាយទៀតថា តុលាការដោះស្រាយការចោទប្រកាន់ពីបទញុះញង់។ ករណីនេះ ផ្តោតលើការខិតខំប្រឹងប្រែងជាច្រើនថ្ងៃ បន្ទាប់ពីរដ្ឋប្រហាររបស់សម្ព័ន្ធមិត្តរបស់លោកស្រី ស៊ូជី ដើម្បីជំរុញឱ្យស្ថានទូត និងអង្គការអន្តរជាតិមិនទទួលស្គាល់របបយោធា។ NR