នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅមួយរយ:ចុងក្រោយនេះ នាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញមានករណីឆបោកប្រាក់ (Money Flipping Scam) ប្រព្រឹត្តិដោយឧក្រិដ្ឋជនក្នុងស្រុក និងក្រៅប្រទេស ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងការអូសទាញជនរងគ្រោះធ្វើការបណ្តាក់ទុន ដោយទទួលផលចំណេញទ្វេរដង ឬបីដងប្រៀបនឹងទំហំទឹកប្រាក់ដែលបានវិនិយោគក្នុងរយ:ពេលខ្លីបំផុត។ ក្រុមការងារសូមធ្វើការពន្យល់អំពីវិធីសាស្ត្រដែលឧក្រិដ្ឋជនប្រើប្រាស់ដើម្បីឆបោកជនរងគ្រោះ ដូចខាងក្រោម៖
១) ឧក្រិដ្ឋជនធ្វើការទំនាក់ទំនងជនរងគ្រោះដោយផ្ទាល់ ឬក្នុងគ្រុប Chat ប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook Telegram Instagram Line ឬកម្មវិធី TikTok ជាដើម អូសទាញជនរងគ្រោះធ្វើការវិនិយោគលើជំនួញផ្សេងៗ។
២) ឧក្រិដ្ឋជននឹងធ្វើការពន្យល់អពីប្រភេទនៃការវិនិយោគ លើជំនួញមួយចំនួនដូចខាងក្រោម៖
- រូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency)
- ភ្នាល់ល្បែងស៊ីសង (Gambling)
- ឬផលិតផលផ្សេងៗ
*បញ្ជាក់៖ ជំនួញដូចរាយនាមខាងលើ គ្រាន់តែជាឧទាហរណ៍ដែលឧក្រិដ្ឋជនរមែងប្រើប្រាស់ដើម្បីបង្ហាញពីការវិនិយោគរបស់ពួកគេប៉ុណ្ណោះ ហើយវាមិនឆ្លុះបញ្ចាំងអំពីអ្នកដែលរកស៊ីស្របច្បាប់នោះឡើយ។
៣) នៅពេលជនរងគ្រោះធ្លាក់ចូលក្នុងឧបាយកល និងធ្វើការផ្ទេរប្រាក់ដើម្បីចូលរួមវិនិយោគ ទឹកប្រាក់ទាំងនោះនឹងត្រូវបាត់បង់។ ក្នុងករណីមួយចំនួនឧក្រិដ្ឋជនធ្វើការទូរទាត់ប្រាក់ចំណេញទៅជនរងគ្រោះ ដើម្បីអូសទាញការវិនិយោគជាទ្រង់ទ្រាយធំ ដែលជនរងគ្រោះនឹងត្រូវបាត់បង់នូវទឹកប្រាក់ចំនួនច្រើនផងដែរ។
ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា ស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន និងត្រូវត្រិះរិះ ស្វែងយល់ពីដៃគូរជំនួញរបស់ខ្លួន មុននឹងធ្វើការបណ្តាក់ទុនផ្សេងៗ ដើម្បីការពារ និងជៀសវាងនូវការខាតបង់ប្រាក់ជាយថាហេតុ។
#MoneyFlippingScam #MoneyScam #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ