ព្រះវិហារ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១  ស្ថិតនៅក្នុងភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ជនរងគ្រោះចំនួន៤នាក់៖ 

១-ឈ្មោះ ម៉ៅ លាន ភេទប្រុស អាយុ២៨ឆ្នាំ ( ស្លាប់) 

,២-ឈ្មោះ ប៉ុយ វីន ភេទប្រុស អាយុ២៨ឆ្នាំ

៣-ឈ្មោះ ឌឹម សុភា ភេទប្រុស អាយុ១៥ឆ្នាំ, 

៤-ឈ្មោះ ប្រាជ្ញ ពិសី ភេទប្រុស អាយុ៩ឆ្នាំ ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងបួននាក់ខាងលើនោះ បាននាំគ្នាទៅកាប់ដួងនៅក្នុងដើមត្នោត បានប្រហែល១គីឡូក្រាម រួចនាំគ្នាយកទៅបំពងខ្លាញ់ ហើយយកទៅហូបជាមួយនឹងបាយទាំង៤នាក់ ។ ក្រោយពេលហូបបាយរួច បានប្រហែលជា២ម៉ោងទាំង៤នាក់នោះ ស្រាប់តែមានអាការធ្វើទុក្ខក្នុងខ្លួន បណ្តាលឲ្យធីងថូងនិងរាគទាំងបួននាក់ ។ ពេលនោះឈ្មោះ ប៉ុយ វីន ឈ្មោះ ប្រាជ្ញ ពិសី និងឈ្មោះ លឹម សុភាព បានយកផ្លែក្រូចឆ្មារច្របាច់ដាក់នឹងទឹកក្តៅផឹកបន្សាប ។ ដោយឡែកឯឈ្មោះ ម៉ៅ លាន មិនបានផឹកទឹកក្រូចឆ្មារបន្សាបដូចគេនោះទេ លុះរហូតមកដល់វេលាម៉ោង២និង០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ទើបនាំយកមកមណ្ឌលសុខភាពចម្រើន ប៉ុន្តែមិនទាន់ទាំងដល់មណ្ឌលសុខភាពនោះផង ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់នៅតាមផ្លូវ ។

មូលហេតុ៖ បណ្តាលមកពីពុលដង្កូវដួង ដែលកាប់យកមកពីក្នុងដើមត្នោត ។

ក្រោយពេលកើតហតុ សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យសាកសព រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ពុលដង្កូវដួងនោះពិតប្រាកដមែន ។ ហើយក្រុមគ្រួសារបានរៀបចំធ្វើបុណ្យសពតាមប្រពៃណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ